វគ្គបណ្តុះបណ្តាលស្តីពីការថែទាំ និងជួសជុលឧបករណ៍សម្ភារ អនាម័យដល់គណៈកម្មការថែទាំ និងជួសជុលឧបករណ៍សម្ភារអនាម័យ

ខេត្តស្វាយរៀង ៖ នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា គម្រោងបង្កើននិរន្តរភាពការប្រើប្រាស់ទឹកស្អាត និងអនុវត្តន៍អនាម័យ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានបើកវគ្គបណ្តុះបណ្តាលស្តីពី ការថែទាំ និងជួសជុលឧបករណ៍ សម្ភារអនាម័យដល់គណៈកម្មការថែទាំ និងជួសជុលឧបករណ៍សម្ភារអនាម័យ។

វគ្គបណ្តុះបណ្តាលនេះក្រោមការឧបត្ថម្ភពីមូលនិធិសប្បុរសធម៌កាទ្យេតាមរយៈសហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលមានរយៈពេល១ថ្ងៃ ក្រោមការសម្របសម្រួលពីមន្ត្រីគម្រោង សហការជាមួយមន្ត្រីមកពី មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្រោមប្រធានបទ ការប្រើប្រាស់ទឹកស្អាត និងការធ្វើឲ្យប្រសើរឡើង នូវការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និយមន័យទឹកស្អាត ស្នប់អាហ្វ្រីដែវ ការប្រើប្រាស់ និងការថែទាំអណ្តូងទឹក របៀបស្តារអណ្តូងពេលមានទឹកជំនន់។

ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ក្រុមគាំទ្រសហគមន៍ស្តីពីការថែទាំ និងជួសជុលឧបករណ៍ សម្ភារអនាម័យដើម្បីឲ្យឧបករណ៍ សម្ភារអនាម័យទាំងនោះមាននិរន្តរភាព និងប្រើប្រាស់បានយូរអង្វែង ។

ពិធីនេះបានការអញ្ជើញចូលរួមពី សរ វណ្ណា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោក ឱម វុឌ្ឍរ៉ូ មន្ត្រីសម្របសម្រួល គម្រោង ការិយាល័យការពារជំងឺឆ្លង និងមិនឆ្លង នាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា ព្រមទាំង លោក លោកស្រី ជាអ្នកទទួល ផលពីគម្រោង សរុបចំនួន ២៥ នាក់ មកពីឃុំគោលដៅទាំង៣ ក្នុងស្រុកចន្ទ្រា គឺឃុំទួលស្តី ចន្ទ្រា និងឃុំសំរោង។

លោក សរ វណ្ណា នាយកសាខាមានមតិសំណេះសំណាលក្នុងពិធីបើកវគ្គនេះដោយបញ្ជាក់ពីសារៈសំខាន់នៃវគ្គនេះក្នុងការថែរក្សាសម្ភារ ដែលបានទទួលពីគម្រោង។ ហើយវគ្គបណ្តុះបណ្តានេះសិក្ខាកាមនឹងទទួលបានចំណេះដឹងជាមូលដ្ឋាន គឺអនាម័យទឹកស្អាត ការថែទាំ និងជួសជុលឧបករណ៍ សម្ភារអនាម័យ  ហើយនៅពេលបញ្ចប់វគ្គនេះសិក្ខាកាមត្រូវយកចំណេះដឹងទាំងនេះទៅធ្វើសកម្មភាពនៅតាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាពត្រូវរួមសហការគ្នាដើម្បីផ្តល់សេវាកម្មមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យបានទាន់ពេលវេលា។

លោកនាយកសាខាក៏បានបញ្ជាក់ផងដែរអំពីការជ្រើសរើស និងគ្រប់គ្រងកំលាំង អ្នកស្ម័គ្រចិត្តដែលជាប្រភពធនធានមនុស្សកំពុងរស់នៅជាមួយសហគមន៍នៅពេលជួបគ្រោះភ័យ ហើយសកម្មភាពនេះឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលត្រូវពង្រឹងកំលាំងធនធានមនុស្ស និងសមត្ថភាពដល់អ្នកស្ម័គ្រចិត្តឲ្យបានទាំងបរិមាណ និងគុណភាព។

ក្នុងឱកាសនោះដែរ លោកនាយកសាខា បានផ្តាំផ្ញើទៅដល់សិក្ខាកាមទាំងអស់ ក្រោយពីបញ្ចប់វគ្គនេះទៅត្រូវយកចិត្តទុកដាក់ក្នុងនាមជាអ្នកស្ម័គ្រចិត្តជាអ្នកសង្គ្រោះ ឆ្លើយតបទៅនឹងគោលការណ៍គ្រឹះទាំង ៧របស់ចលនាកាកបាទក្រហម ហើយត្រូវយកវិជ្ជានេះទៅអប់រំបន្តដល់ប្រជាពលរដ្ឋនៅសហគមន៍ដែលខ្លួនកំពុងរស់នៅ៕ ដោយ ៖ ភក្តី