មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជិត២០០នាក់ត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែង និងបំពាក់ឋានន្តរសក្តិ

ខេត្តមណ្ឌលគិរី ៖ មន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីជិត២០០នាក់ ត្រូវបានប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខដំណែង និង បំពាក់ឋានន្តរសក្តិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី  អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃ និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការ ស្នងការរង និងមន្រ្តីនគរបាលជាច្រើនរូបទៀត ដែលបានប្រព្រឹត្តទៅនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានអោយដឹងថា ពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែងថ្មី និង បំពាក់ឋានន្តរស័ក្តិ មានចំនួន១៧៤ នាក់ ក្នុងនោះ ប្រកាសផ្ទេរភារកិច្ចចំនួន ៣៤នាក់ តែងតាំងមុខតំណែងថ្មី ចំនួន២៧នាក់ និង ដំឡើងឋានន្តរស័ក្កិចំនួន ១១៣នាក់ រួមមានថ្នាក់ វរសេនីយ៍ទោ ចំនួន ២៥នាក់ វរសេនីយ៍ត្រីចំនួន៣១នាក់ អនុសេនីយ៍ឯកចំនួន ២០នាក់ អនុសេនីយ៍ទោចំនួន១២នាក់ អនុសេនីយ៍ត្រី១៨នាក់  ព្រិលបាលឯកចំនួន០៥ និងព្រិលបាលទោចំនួន០២នាក់ ។

ថ្លែងក្នុងឱកាសនោះផងដែរ លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានមានប្រសាសន៍ ផ្តាំផ្ញើដល់មន្ត្រីដែលទើបប្រកាសផ្ទេរភារកិច្ចតែងតាំងមុខដំណែង និង បំពាក់ឋានន្តរសក្តិថ្មីទាំងអស់ ត្រូវបន្តទប់ស្កាត់ ការបង្ការបង្ក្រាប បទល្មើសគ្រប់ប្រភេទ រួមមាន បទល្មើស លួច ប្លន់ប្រដាប់អាវុធ ទប់ស្កាត់ការនាំចេញ-ចូលនូវទំនិញខុសច្បាប់តាមច្រកព្រំដែន បញ្ហាគ្រឿងញៀន ដែលបង្កភាពអសន្តិសុខដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់អនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព៩ចំណុចរបស់រដ្ឋាភិបាល និងការផ្តល់នូវសេវាសាធារណៈផ្សេងៗទៀត ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ត្រូវមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ ។

លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ដែរថា ការបំពាក់ឋានន្តរសក្តិ ផ្ទេរភារៈកិច្ចនៅពេលនេះ គឺធ្វើឡើងទៅតាមច្បាប់ស្តីពីលក្ខន្តិករបស់មន្រ្តីនគរបាលជាតិដែល បានរៀបចំតាក់តែងឡើងក្នុងការលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលមានស្នាដៃ ក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់ ជួនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សុទ្ធី បានជំរុញដល់មន្ត្រីដែលទើបតែងតាំងថ្មីទាំងអស់ត្រូវតែខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យបានល្អ ត្រូវមានសាមគ្គីផ្ទៃក្នុងបន្តទប់ស្កាត់បង្ការបង្ក្រាបបទល្មើសព្រៃឈើ គ្រឿងញៀន និងបទល្មើសផ្សេងទៀត និងត្រូវយកចិត្តទុកដាក់ជួយ សង្គ្រោះប្រជាពលរដ្ឋនៅក្នុងរដូវមានទឹកជំនន់នេះ និងហាមដាច់ខាតមិនអោយយកកំលាំងសមត្ថកិច្ចទៅប្រចាំការនៅទីកន្លែងបុគ្គលឯកជន និងហាមយកមធ្យោបាយអង្គភាពរដ្ឋទៅបំរើបុគ្គលឯកជនជាដាច់ខាត៕ ដោយ ៖ ជឹម ទូច