លោក គួច ចំរើន បើកកិច្ចប្រជុំជាមួយប្រជាពលរដ្ឋមកពី២២ក្រុម ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានបើកកិច្ច ប្រជុំពិភាក្សាដោះស្រាយកង្វល់ និងផលប៉ះពាល់ជាមួយប្រជាពលរដ្ឋមកពី ២២ ក្រុម ក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថៃ្ងអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ។
ក្នុងកិច្ចពិភាក្សាកង្វល់របស់ប្រជាពលរដ្ឋដែលបានមកចូលរួមមាន២២ក្រុមមកពី២ក្រុង និង៣ស្រុក នៃខេត្តព្រះសីហនុ ពួកគាត់បានលើកឡើងបញ្ហាស្រដៀងគ្នា គឺសុំចេញប័ណ្ណសំគាល់ម្ចាស់អចលនវត្ថុ ដែលមន្ត្រីជំនាញបានចុះវាស់វែងនាពេលកន្លងមក និងបញ្ហាផ្សេងៗមួយចំនួនទៀត។ ដោយឡែកខាងអង្គការ CNRO បានស្នើសុំឱ្យរដ្ឋបាលខេត្តព្រះសីហនុពិនិត្យបញ្ហាការចាក់ដីចូលសមុទ្រការកាប់បំផ្លាញព្រៃកោងកាង ដីព្រៃឧទ្យានជាតិរាម ជាដើមធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់។ ល។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា រដ្ឋបាលខេត្តបានទទួលឯកសាររបស់ប្រជាពលរដ្ឋទាំង២២ក្រុម និងសន្យាធ្វើការដោះស្រាយម្តងមួយៗ ព្រោះបើយើងដោះមួយកញ្ចប់តែម្តង មិនអាចធ្វើបានទេ។

លោកបន្តថា ចំពោះរឿងដែលចូលដល់ប្រព័ន្ធតុលាការ រដ្ឋបាលខេត្តមិនមានសិទ្ធិនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរកមេធាវី ដើម្បីការពារក្តី។ ទន្ទឹមនោះអភិបាលខេត្តព្រះសីហនុ សុំការយោគយល់ពីប្រជាពលរដ្ឋ សូមមានការអត់ធ្មត់ ក្នុងការដោះស្រាយ ព្រោះរដ្ឋបាលខេត្តត្រូវជ្រើសរើសយកកិច្ចការណាសំខាន់មកធ្វើការដោះស្រាយចំពោះមុខ ហើយនៅមានឯកសារជាច្រើនទៀត ដែលរដ្ឋបាលខេត្តត្រូវធ្វើការដោះស្រាយជាបន្តបន្ទាប់។
ជាមួយគ្នានោះអភិបាលខេត្តក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋ កុំចូលកាន់កាប់ដីព្រៃរបស់រដ្ឋ និងដីឯកជនដោយខុសច្បាប់ ហើយក៏មិនអនុញ្ញាតឱ្យមានការចាប់ដីរដ្ឋដោយខុសច្បាប់នោះដែរ។ មន្ត្រីរបស់យើងជាអ្នកបំរើសេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជាចំបងក្នុងខេត្ត ព្រះសីហនុ ដើម្បីចូលរួមចំណែកការអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងជួយកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ ៖ តឹង សុភាព