លោក ហ៊ុន ម៉ានី ចូលរួមក្នុងពិធីថ្លែងអំណរគុណកងកម្លាំងដែលចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីបាក់រលំអគារនៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ នៅព្រឹកមិញនេះ នៅកងពលតូចថ្មើរជើងលេខ៧០ (ង.៧០) លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមក្នុងពីធីថ្លែងអំណរគុណ កងកម្លាំងដែលបានចូលរួមប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងឧបទ្ទវហេតុបាក់រលំអគារ នៅខេត្តព្រះសីហនុកាលពីខែមិថុនាកន្លងទៅនេះ។

ក្នុងពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ ព្រមទាំងវត្តមាន លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ លោក លោកស្រី ប្រតិភូអមដំណើរ រួមទាំងនាយទាហាន ពលទាហានដែលបានបំពេញបេសកកម្មការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងឧបទ្ទវហេតុបាក់រលំអគារ។

លោក ហ៊ុន ម៉ានី ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ បានរំលឹកពីគំរូវីរភាពរបស់កងកម្លាំង និងក្រុមសង្រ្គោះទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត ធ្វើយ៉ាងណាសង្គ្រោះអាយុជីវិតជនរងគ្រោះ ដែលនេះបានសបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារខ្មែរយើងក្នុងគ្រាលំបាក និងគ្រប់កាលៈទេសៈ។

សូមជម្រាបផងដែរថា កាលពីថ្ងៃ២២ ខែមិថុនា ឆ្នំា២០១៩ មានឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ ដែលបណ្តាលអោយមានមនុស្សស្លាប់ចំនួន២៨នាក់ និងរបួសចំនួន២៦នាក់ ដែលបេសកកម្មនេះត្រូវបានប្រព្រឹត្តទៅរយៈពេល៤យប់៤ថ្ងៃ ហើយត្រូវបានចូលរួមសង្រ្គោះដោយក្រុមសង្គ្រោះសរុបចំនួន១៤៨៧នាក់។ ក្នុងនោះមានកងពលតូចថ្មើរជើងលេខ៧០បានបញ្ជូនកងកម្លាំងចំនួន៧១នាក់ និងបរិក្ខារសង្គ្រោះផ្សេងៗបានទាន់ពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់បំផុត៕