ស្លាប់៧នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែសីហានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៦លើក) បណ្ដាលឱ្យមនុស្សស្លាប់៧នាក់ (ប្រុស), របួសស្រាល៧នាក់ (ស្រីម្នាក់) និងរបួសធ្ងន់១៥នាក់ (ស្រី២នាក់)។ នេះបើយោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្តតូច៨គ្រឿង, រថយន្ដធំ៤គ្រឿង, យានផ្សេងៗ២គ្រឿង និងថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ និងបត់គ្រោះថ្នាក់។

របាយការណ៍បញ្ជាក់ថា រយៈពេល១៣ថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៣២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៦នាក់ របួសធ្ងន់១០៥នាក់ និងរបួសស្រាល៨៨នាក់៕