

ក្រសួងមហាផ្ទៃ ៖ គណបក្សនយោបាយចំនួន៦នឹងប្រឈមការផាកពិន័យ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បានថ្លែងថា គណបក្សនយោបាយចំនួន៦ ក្នុងចំណោម ចំនួនសរុប៤៤ នឹងប្រឈមការផាកពិន័យ ដោយមូលហេតុមិនបញ្ជូនរបាយការណ៍ប្រចាំឆ្នាំរយៈពេល២ឆ្នាំទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ។
ការលើកឡើងយ៉ាងដូច្នេះធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែសីហា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រសួងមហាផ្ទៃជាមួយ គ្រប់បណ្តាគណបក្សនយោបាយដែលបានចូលរួម ចំនួន៣៥ គណបក្សនាទីស្តីការក្រសួងមហាផ្ទៃ។
លោក ប៊ុន ហុន ប្រធានដឹកនាំអង្គប្រជុំ មានប្រសាសន៍ថា គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ នេះមានគណបក្សនយោបាយចំនួន៤៤ ដែលបានចុះបញ្ជីផ្លូវការក្រសួងមហាផ្ទៃ ក្នុងនោះ មានគណបក្សនយោបាយចំនួន៦ពុំបានធ្វើរបាយការណ៍ប្រចាំឆ្នាំ២០១៧-២០១៨ ជូនទៅកាន់ក្រសួងមហាផ្ទៃ។
លោកបន្តថា ឆ្លៀតឱកាសនាកិច្ចប្រជុំពិគ្រោះយោល់គឺដើម្បីក្រើនរំលឹកដល់គ្រប់បណ្តាគណបក្សនយោបាយរួសរាន់រៀបចំរបាយការណ៍ផ្សេងៗទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុ ក្នុងនោះ យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ប្រសិនគណបក្សនោះមិនអនុវត្តនឹងប្រឈមការផាកពិន័យចាប់ពី៥លានរៀល។
លោកបន្ថែមថា កិច្ចប្រជុំពិគ្រោះយោល់នេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងស្វែងយល់ពីខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយ ការពិនិត្យឡើងវិញនូវស្ថានភាពនៃការអនុវត្តច្បាប់ ដើម្បីកំណត់នូវបញ្ហាប្រឈមនានាដែលបានជួបប្រទះនាពេលកន្លងមក និងស្វែករកដំណោះស្រាយប្រកបដោយគណនេយ្យភាព តម្លាភាព និងអព្យាក្រឹត្យភាព។
សូមជម្រាបថា គណបក្សនយោបាយដែលចុះបញ្ជីផ្លូវការសរុបចំនួន៤៤ ក្នុងនោះមានចំនួន៤២គណបក្សនយោបាយកំពុងមានសកម្មភាពនយោបាយរបស់ខ្លួននៅតាមបណ្តាមូលដ្ឋាននៃរាជធានី-ខេត្ត៕