សម្តេចតេជោ ហ៊ុន សែន មិន​ដកថយ​ករណី​សំណុំរឿង​ទណ្ឌិត សម រ​ង្ស៉ី​

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ជាថ្មី​ម្តងទៀតថា កម្ពុជា​ត្រូវតែ​អនុវត្ត​ច្បាប់​ចំពោះ​ការវិលត្រឡប់​របស់ សម រ​ង្ស៉ី ដោយ​មិន​ដកថយ​នោះឡើយ។ ការ​ថ្លែង​បែបនេះ​របស់​សម្តេច ហ៊ុន សែន ធ្វើឡើង​កាលពី​ម្សិលមិញ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។​

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក ឈឹម ផល​វរុណ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​នៅក្នុង​កិច្ចប្រជុំ​ខាងលើនេះ​សម្តេច​មានប្រសាសន៍ថា ៖ ពាក់ព័ន្ធ​នឹង​រឿង​វិលត្រឡប់​របស់ ទណ្ឌិត សម រ​ង្ស៉ី គឺ​មិនមែនជា​រឿង​របស់ សម រ​ង្ស៉ី តែ​ម្នាក់​ទេ ប៉ុន្តែ​សម្រាប់​យើង​គឺ​ត្រូវតែ​អនុវត្ត​ច្បាប់ ហើយ​យើង​ត្រូវតែ​ពង្រឹង​ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​ប្រជាពលរដ្ឋ មិនឱ្យ​បដិវត្ត​ពណ៌​កើតឡើង​ជាថ្មី ដូច​អ្វីដែល​ធ្លាប់​ជួប នៅ​ឆ្នាំ​២០១៣ នោះឡើយ​។​

​សម្តេច​សង្កត់ធ្ងន់ថា រឿង សម រ​ង្ស៉ី មិនមែនជា​រឿង សម រ​ង្ស៉ី ជា​បុគ្គល​ទេ​គឺពាក់ព័ន្ធ​នឹង​ការយក​លេស​នៃ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ការយក​លេស​ដោយ​ប្រើពាក្យ​ប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែ​លេស​ទាំងនេះ គឺជា​លេស​ដើម្បី​ទាញ​កម្ពុជា ឱ្យ​ធ្លាក់​ទៅ​ក្នុងការ​ប្រទាញប្រទង់​គ្នា​រវាង​មហាអំណាច និង​មហាអំណាច​តែប៉ុណ្ណោះ​។​

​សម្តេច​បន្តថា កម្ពុជា​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​គោល​ការ​អ​ព្យា​ក្រឹត្យ អចិន្ត្រៃយ៍ ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ និង​គោលការណ៍​ឯករាជ្យ ដោយ​កសាង​ប្រទេស​ដោយ​ខ្លួនឯង មិន​អាចឱ្យ​ប្រទេស​ណាមួយ ទាញ​កម្ពុជា​ឱ្យធ្វើតាម​ខ្លួន​បានទេ​៕