ពលរដ្ឋប្តឹងមន្ត្រីយោធាស័ក្តិ៣សឹករងខេត្តម្នាក់ពាក់ព័ន្ធការទន្ទ្រានរំលោភយកដីជម្រកសត្វព្រៃលក់ឲ្យឈ្មួញ

ខេត្តមណ្ឌលគិរី ៖ យោងតាមពាក្យបណ្តឹងមួយច្បាប់ពុំមានចុះកាលបរិច្ឆេទ និងលិខិតដែលមានផ្តិតស្នាមមេដៃរបស់ប្រជាពលរដ្ឋចំនួន១០១គ្រួសារ រស់នៅក្រុមរកាថ្មី ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ គោរពជូនលោកមេភូមិពូហ្យាម លោកស្រីមេឃុំសែនមនោរម្យ លោកមេប៉ុស្តិ៍រដ្ឋបាលសែនមនោរម្យ និងលោកអភិបាល នៃគណៈអភិបាលស្រុកអូររាំង ដែលបានប្តឹងពីឈ្មោះ ស្រេម ផ្លូន អាយុ៤១ឆ្នាំ ជាមន្ត្រីយោធាពាក់ស័ក្តិ៣ បម្រើការងារនៅតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគរី និងមានទីលំនៅភូមិពូហ្យាម( រកាថ្មី) ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពាក់ព័ន្ធការទន្ទ្រានរំលោកភយកដីលក់នៅក្នុងតំបន់ជម្រកសត្វព្រៃកែវសីម៉ា។

នៅក្នុងពាក្យបណ្តឹងដដែលបានរៀបរាប់ឲ្យដឹងថា ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋបានប្តឹងតវ៉ាម្តងរួចមកហើយ ដែលខ្លឹមសារនៃពាក្យបណ្តឹងបានបញ្ជាក់ថា ឈ្មោះ ស្រេម ផ្លួន បានជួលឲ្យឈ្មោះ នុត សាវី នាំគ្នីគ្នាមកកាប់ទន្ទ្រានយកដីនៅចំណុចអូរគុល តែក្រោយមានការប្តឹងតវ៉ាពីប្រជាពលដ្ឋ អាជ្ញាធរស្រុកក៏បានហៅឈ្មោះ ស្រេម ផ្លូន នេះទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់កាប់រុករានតទៅទៀត។

ខ្លឹមសារបន្តទៀតថា ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបាននាំគ្នាទប់ស្កាត់ជាថ្មីម្តងទៀត ដោយមិនឲ្យឈ្មោះ ស្រេម ផ្លូន បន្តធ្វើការកាប់ព្រៃ និងដាក់បង្គោលរបងហូរហែតាមផ្លូវនៅចំណុចអូរគុល តែត្រូវបានឈ្មោះ ស្រេម ផ្លូន ធ្វើការគំរាមកំហែងដាក់ប្រជាពលរដ្ឋ។

បើតាមខ្លឹមសារនៃពាក្យបណ្តឹងនេះ គឺមូលហេតុមកពីមន្ត្រីយោធាឈ្មោះ ស្រេម ផ្លូន បានចាប់ដីនៅចំណុចអូរគុលរាប់ពាន់ហិកតាយកទៅលក់ឲ្យឈ្មួញ គ្មានការព្រមព្រៀងពីបរជាពលរដ្ឋ និងសំណូមពរដល់លោកអភិបាលស្រុកជួយអន្តរាគមន៍ ហើយចាត់វិធានការតាមផ្លូវច្បាប់លើឈ្មោះ ស្រេម ផ្លូន នេះ។

ពាក់ព័ន្ធករណីនេះដែរ អភិបាលស្រុកអូររាំងលោក សៀក មុន្នី បានប្រាប់តាមទូរស័ព្ទ កាលពីថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋនៅភូមិពូហ្យាម (រការថ្មី)នោះមិនទាន់ដល់ដៃលោកទេ គឺនៅត្រឹមឃុំសែនមនោរម្យនៅឡើយ។ ចំណែកមេឃុំសែនមនោរម្យលោកស្រី ខ្វាន់ ត្រែល យើងបានធ្វើការទំនាក់ទំនងជាច្រើនដងតាមប្រព័ន្ធទូរស័ព្ទដើម្បីសូមការបញ្ជាក់ពីករណីណ្តឹងនេះ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។ លោក ញ៉ែង សុភឿន អនុប្រធានភូមិពូហ្យាម (រកាថ្មី) មិនអាចសុំការពន្យល់បានទេ ព្រោះពុំមានលេខទូរស័ព្ទ។

ដោយឡែកលោក ស្រេម ផ្លូន ក៏មិនទាន់អាចស្វែងរកសុំការបំភ្លឺបានដែរ ពាក់ព័ន្ធបណ្តឹងចោទប្រកាន់របស់ប្រជាពលចំនួន១០១គ្រួសារ រស់នៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបានប្តឹងចោទប្រកាន់លោកថា បានកាប់ទន្ទ្រានដីព្រៃជម្រកសត្វព្រៃកែវសីម៉ានៅតំបន់ចំណុចអូរគុលដើម្បីយកទៅលក់ឲ្យឈ្មួញនោះ។

សូមបញ្ជាក់ថា មួយរយៈកាលប៉ុន្មានខែចុងក្រោយការទន្ទ្រានកាន់កាប់យកដីរដ្ឋខុសច្បាប់នៅក្នុងខេត្តមណ្ឌលគិរី ពីសំណាក់ជនខិលខូចមួយចំនួនតូច បានលេចលឺកើតមានឡើងជាហូរហែបន្ទាប់ពីទីផ្សារដីធ្លីនៅទូទាំងប្រទេសកម្ពុជាមានការហក់ឡើងខ្ពស់៕ ដោយ ៖ ជឹម ទូច