សម្ដេចតេជោជំរុញឱ្យកម្ពុជា-មីយ៉ាន់ម៉ា បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុញឱ្យកម្ពុជា-មីយ៉ាន់ម៉ា បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀត ខណៈដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ ដោយមិនទាន់សក្តិសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះទេ។ អនុសាសន៍សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអនុញ្ញាតឱ្យ លោក ធីត លីនអន (Thit Linn Ohn) ឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ នៅវិមានសន្តិភាព។

សម្ដេចតេជោក៏បានជំរុញឲ្យការធ្វើពាណិជ្ជកម្មច្រើនបន្ថែមទៀតក្នុងតំបន់អាស៊ាន ដើម្បីបង្កើតទីផ្សារយើងឲ្យកាន់តែទូលំទូលាយ ហើយសម្ដេចជំរុញឲ្យមានការពិនិត្យមើល តើយើងគួរធ្វើអ្វីខ្លះ? ដើម្បីជំរុញឲ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានទំហំធំឡើងនាពេលខាងមុខនេះ។ ហើយយើងគួរតែពិនិត្យមើលទៅលើកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតដូចជាកិច្ចព្រមព្រៀងទៅលើការមិនយកពន្ធត្រួតស៊ីគ្នា និងកិច្ចគាំពារវិនិយោគជាដើម ដែលទាំងអស់នេះ គឺជាកត្តាដែលជំរុញឲ្យអ្នកវិនិយោគមានការចាប់អារម្មណ៍ខ្លាំង និងមានទំនុកចិត្ត ព្រមទាំងធ្វើឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរកាន់តែមានភាពស្អិតរមួតថែមឡើងទៀត។

សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរគឺមានទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ ហើយនៅឆ្នាំក្រោយនេះក៏ជាខួបលើកទី៦៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងរវាងប្រទេសយើងទាំងពីរផងដែរ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា យើងគួរពិនិត្យមើល តើយើងគួរធ្វើសកម្មភាពអ្វីខ្លះ? ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃទំនាក់ទំនងនេះ។ ជាមួយគ្នានោះយើងគប្បីពិនិត្យមើលទៅលើកិច្ចព្រមព្រៀងខ្លះ ដែលអាចនឹងត្រូវចុះហត្ថលេខា ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការនៅគ្រប់វិស័យ និងជំរុញកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ ដើម្បីបង្កើននូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្ដេច ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកក៏ដូចជាបានចែករំលែកនូវបទពិសោធន៍នានា ហើយដែលលោកក៏បានបញ្ជាក់ថា ឆ្នាំក្រោយយើងនឹងរៀបចំខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ និងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការនានាថែមទៀត ជាពិសេសនៅលើពាណិជ្ជកម្ម ទេសចរណ៍ ការហោះ ហើរត្រង់រវាងមីយ៉ាន់ម៉ា និងកម្ពុជា ហើយឱ្យមានការផ្លាស់ប្ដូរនិស្សិត ដោយមីយ៉ាន់ម៉ាកន្លងមកក៏បានទទួល និស្សិតជាព្រះសង្ឃកម្ពុជា ទៅសិក្សានៅទីនោះដែរ។

នៅក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសូមឱ្យ លោកឯកអគ្គរដ្ឋទូត នាំយកនូវការសួរសុខទុក្ខ និងពរជ័យ ជូនចំពោះប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ដូចជាទីប្រឹក្សារដ្ឋលោកស្រី អ៊ោង សានស៊ូជី ផងដែរ។

ឯកអគ្គរដ្ឋទូតថ្មីមីយ៉ាន់ម៉ា បានមកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ហើយបាន ថ្វាយសារតាំងចំពោះព្រះករុណានៅថ្ងៃទី២១ ខែសីហា។ លោករីករាយដែលបានមកបំពេញបេសកកម្មនៅកម្ពុជា។ លោកប្ដេជ្ញាថានឹងខិតខំក្នុងការពូនជ្រុំនៅទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនថែមទៀត៕