លោក ហ៊ុន ម៉ានី ចែករំលែកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាក្នុងសន្និសីទសហភាពអន្តរសភា

ប្រទេសប៉ារ៉ាហ្គាយ ៖ តបតាមការអញ្ជើញរបស់សហភាពអន្តរសភា(IPU) និងសភាប្រទេសប៉ារ៉ាហ្គាយ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំសមាជិករដ្ឋសភាវ័យក្មេង ចូលរួមក្នុងសន្និសីទសកលលើកទី៦ នៃសមាជិកសភាវ័យក្មេងរបស់សហភាពអន្តរសភា ដែលហៅកាត់ថា (IPU) នៅប្រទេសប៉ារ៉ាហ្គាយ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងសន្និសីទសកលនេះ លោកប្រធានគណៈប្រតិភូ និងសមាជិក បានចែករំលែកពីការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ប្រទេស កម្ពុជា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) ដល់អង្គសន្និសីទ។ សន្និសីទលើកទី៦ នៃការជួបជុំសមាជិកសភាវ័យក្មេងរបស់IPU បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ៖ «ការសម្រេចបាននូវ SDGs និងការផ្តល់អំណាចដល់យុវជនតាមរយៈសុខុមាលភាព» ។

ការចូលរួមសន្និសីទ នៃសហភាពអន្តរសភា(IPU) ដែលជាកិច្ចប្រជុំសម្រាប់សមាជិកសភាវ័យក្មេង នៃសភាសមាជិក IPU នេះ ជាបេសកកម្មការដ៏មានតម្លៃ សម្រាប់វិស័យការទូតសភាកម្ពុជា។ អំឡុងពេលចូលរួមសន្និសីទនេះ គណៈប្រតិភូសភាជិកសភាវ័យក្មេងកម្ពុជា ត្រូវចូលរួមកិច្ចប្រជុំជាច្រើន ក្នុងការចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរទស្សនៈយោបល់ជាមួយសមាជិកសភានៃប្រទេសដទៃ ដើម្បីកសាងសុខសន្តិភាព និងការអភិវឌ្ឍសកលលោកដោយចីរភាព តាមយន្តការសភា៕