មេបញ្ជាការកងទ័ពជើងគោកកម្ពុជា-អាមេរិកជួបពិភាក្សាគ្នាដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពនៃប្រទេសទាំងពីរ

បាងកក ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន (Robert B. Brown) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក មានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកងទ័ពកម្ពុជា។ នាយឧត្តមសេនីយ៍ សង្ឃឹមថាទៅថ្ងៃអនាគត កងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។
ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ស្វាគមន៍ចំពោះបំណងដែលចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕