រដ្ឋសភាបញ្ចូលសេចក្តីព្រាងច្បាប់បីក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនាពេលខាងមុខ និងយក សេចក្តីព្រាងច្បាប់បីទៀតមកពិនិត្យសិក្សា

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចបញ្ចូលសេចក្តីព្រាងច្បាប់ចំនួនបី ដែលគណៈកម្មការជំនាញរដ្ឋសភា បានពិនិត្យសិក្សាចប់សព្វគ្រប់ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សានិងអនុម័ត។

សេចក្តីព្រាងច្បាប់ទំាងបីនោះមាន ៖ ១)សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ២)សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ៣)សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមីស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាពេលនេះ ក៏បានសម្រេចទទួលយក សេចក្តីព្រាងច្បាប់ចំនួនបីផ្សេងទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សាបន្ថែម។

១) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ាន ស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ចូនទំនិញឆ្លងកាត់។

២) សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង៣) សេចក្តីព្រាងច្បាប់ស្តីពីសំណង់៕