មេដឹក​ហុងកុង​លោកស្រី Lam ប្រាប់​អាមេរិក​កុំ​ឲ្យ​ជ្រៀតជ្រែក​​

​ហុងកុង ៖ មេដឹកនាំ​ហុងកុង​បាន​ព្រមាន​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គា​រថា កុំ​ជ្រៀតជ្រែក​ក្នុងការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​លោកស្រី​ចំពោះ​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​របស់​ទីក្រុង​នេះ​បន្ទាប់ពី​ការតវ៉ា​ថ្មី​បាន​អំពាវនាវ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​បង្កើន​សម្ពាធ​លើ​ទីក្រុង​ប៉េកាំង​។​

​មនុស្ស​រាប់លាន​នាក់​បានធ្វើ​បាតុកម្ម​ក្នុង​រយៈពេល​១៤​សប្តាហ៍​ចុងក្រោយ​នេះ​ក្នុង​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​ការគ្រប់គ្រង​របស់​ប្រទេស​ចិន​លើ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​ចាប់តាំងពី​ការប្រគល់​ដោយ​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៩៧​។​

​ក្រុមអ្នកតវ៉ា​បាន​ចេញមក​តាម​ដងផ្លូវ​ជាថ្មី​ម្តងទៀត​កាលពី​ថ្ងៃអាទិត្យ​ដោយ​ដើរ​ក្បួន​ឆ្ពោះទៅ​ស្ថាន​កុងស៊ុល​អាមេរិក​ដើម្បី​អំពាវនាវ​ឲ្យ​សភា​អនុម័ត​សេចក្តីព្រាងច្បាប់​មួយ​ដែល​បង្ហាញ​ពី​ការគាំទ្រ​ដល់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

​ច្បាប់​ដែល​ស្នើឡើង​នេះ​អាចធ្វើ​ឲ្យ​អន្តរាយ​ដល់​សិទ្ធិ​ពាណិជ្ជកម្ម​ពិសេស​ជាមួយ​អាមេរិក​របស់​ទីក្រុង​ហុងកុង​ដោយ​ច្បាប់​នេះ​តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​ជា​ទៀងទាត់​ទៅលើ​ថា​តើ​អាជ្ញាធរ​កំពុង​គោរព​ច្បាប់​មូលដ្ឋាន​ដែល​ពង្រឹង​ដល់​ស្ថានភាព​ពាក់កណ្តាល​ស្វ័យភាព​របស់​ទីក្រុង​នេះដែរ​ឬក៏​អត់​។ ប៉ុន្តែ​លោកស្រី Carrie Lam បាន​និយាយថា ការផ្លាស់ប្តូរ​ណាមួយ​ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​គំរាមកំហែង​ដល់​ផលប្រយោជន៍​ទៅវិញទៅមក​។​

​លោកស្រី​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​វា​ជា​ការមិន​សមរម្យ​បំផុត​សម្រាប់​ប្រទេស​ណាមួយ​ដែល​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង​។ ខ្ញុំ​សង្ឃឹមថានឹង​មិនមាន​មនុស្ស​ទៀត​ទេ​នៅក្នុង​ទីក្រុង​ហុងកុង​ដែល​ទៅប្រាប់​សហរដ្ឋអាមេរិក​ឲ្យ​ធ្វើ​សកម្មភាព​”​។​

​ស្រប​ពេលដែល​អ្នកនយោបាយ​អាមេរិក​បាន​សម្តែង​ការគាំទ្រ​ចំពោះ​គោលបំណង​ប្រជាធិបតេយ្យ​របស់​ក្រុមបាតុករ​នោះ​, រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បាន​រក្សា​វិធីសាស្ត្រ​អកម្ម​ខណៈពេលដែល​ខ្លួន​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។​

​លោក ត្រាំ បាន​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​នយោបាយ​ហើយ​បាន​ជំរុញ​ឲ្យ​ទីក្រុង​ប៉េកាំង​កុំ​បង្កើន​ការបង្ក្រាប​ដោយ​ហិង្សា​៕