សោកស្ដាយ​! កម្ពុជា ចាញ់​បា​រ៉ែ​ន ១-០ ក្នុង​វគ្គ​ជម្រុះ World Cup

បាល់ទាត់ ៖ ក្រុម​ជម្រើសជាតិ​គោព្រៃ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ដោយ​លទ្ធផល ១-០ នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល C វគ្គ​ជម្រុះ​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​ប្រទេស​កាតា​។​

​ក្រោយ​ក្រសែភ្នែក​ទស្ស​និជ​ន​៥៥០០០​នាក់​កាលពី​យប់មិញ ក្នុង​វគ្គ​ទី​១​ទាំង​ក្រុម​ម្ចាស់ផ្ទះ​និង​ក្រុម​ភ្ញៀវ​សុទ្ធតែ​មានឱកាស​រៀងខ្លួនៗ​តែ​មិនអាច​បំប៉ោង​សំណាញ់​បានឡើយ ដោយ​បញ្ចប់​ត្រឹម​លទ្ធផល ០-០ ក្នុង​តង់​ទី​១​។​ប៉ុន្តែ​ចូល​តង់​ទី​២​នៅ​នាទី​ទី​៧៨ កម្ពុជា បាន​របូត​គ្រាប់​បាល់​ដែល​សម្រេច​ដោយ​កីឡាករ​ពាក់​លេខ​១៩ Kamil Al-Aswad ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​។​

​សូមជម្រាបថា នេះ​ជាការ​បរាជ័យ​លើក​ទី​១ ក្រោយ​ឆ្លងកាត់ ២​ប្រកួត​ក្នុង​ពូ​ល C ក្រៅរ​កង​បាន ១​ពិន្ទុ​ក្រោយ​ប្រកួត​បាន​ស្មើ ១-១ ទល់នឹង​ហុងកុង​នា​ថ្ងៃទី​០៥ ខែកញ្ញា គ្រា​ដែល​គូប្រជែង​បា​រ៉ែ​ន រកបាន ៤​ពិន្ទុ​ឆ្លងកាត់ ២​ប្រកួត​ដូចគ្នា និង​ឡើងទៅ​ឈរ​នៅ​កំពូល​ជា​បណ្តោះអាសន្ន​ផងដែរ​។​

​ដោយឡែក​ប្រកួត​បន្ទាប់​របស់​កម្ពុជា ក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពូ​ល C កម្ពុជា​ហោះហើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ មុន ៥​ថ្ងៃ​បន្ទាប់​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដដែល​៕