កម្ពុជា និងប្រទេសពាក់ព័ន្ធរួមគ្នាដាក់ចេញនូវខ្លឹមសារ៨ ចំណុចបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន

ហាណូយ ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អមដំណើរដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូកម្ពុជាទៅចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីស្តីពីការលើក កម្ពស់ប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្ម គ្រឿងញៀនឆ្លងដែន ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងពីខ្លឹមសារកិច្ចប្រជុំថា កិច្ចប្រជុំ ដែលមានការចូលរួមពីប្រតិភូថ្នាក់រដ្ឋមន្រ្តីពីប្រទេសកម្ពុជា ចិន មីយ៉ាន់ ថៃ ឡាវ ហ្វីលីពីន, រដ្ឋបាល អនុវត្តច្បាប់គ្រឿងញៀន សហរដ្ឋ អាមេរិក, នគរបាលសហព័ន្ធ អូស្រ្តាលី និងអង្គការ UNODCបានពិភាក្សាទៅលើស្ថានភាពបទល្មើសគ្រឿងញៀនតាមតំបន់ព្រំដែន ការពិនិត្យ និងចែករំលែកពីបញ្ជីឈ្មោះ ប្រវត្តិក្រុមឧក្រិដ្ឋជន ផ្ទៀងផ្ទាត់,ពិនិត្យព័ត៌មាន, ការស៊ើបអង្កេតរួមគ្នាព្រមទាំងបញ្ជូនមន្រ្តីទៅសម្របសម្រួល សាកសួរប្រមូលព័ត៌មានលើករណីគ្រឿងញៀនដោយផ្អែកលើបញ្ជីឯកសារ, កត់ត្រាមុខសញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិកនិងផ្តល់អនុសាសន៍លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងពេលអនាគត។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង បានប្រាប់ឲ្យដឹងបន្ថែមថា ដើម្បីធ្វើឱ្យប្រសើរនូវប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធ នឹងឧក្រិដ្ឋកម្ម គ្រឿងញៀន ឆ្លងដែន កិច្ចប្រជុំបានដាក់ចេញនូវសេចក្តីថ្លែងការណ៍ រួមដែលមានខ្លឹមសារ ចំនួន៨ចំណុច មានជាអាទិ៍ ៖ ១.ជុំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ អន្តរជាតិ។ ២.ជុំរុញ ការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេត/ព័ត៌មានក្នុងចំណោមប្រទេសនិងអង្គការនានាក្នុងលក្ខណៈជាក់លាក់ត្រឹមត្រូវទាន់ពេល។ ៣.ពិចារណា ពីលទ្ធភាពក្នុងការធ្វើយុទ្ធនាការថ្នាក់ជាតិស្តីពីបង្ការ បង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀន។ ៤.បង្កើតការស៊ើបអង្កេតរួមគ្នាទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ៥.អនុវត្តន៍ យុទ្ធសាស្រ្តត្រួតពិនិត្យសារធាតុគីមីផ្សំឲ្យបានហ្មត់ចត់ ទប់ស្កាត់ការបង្វែរសារធាតុគីមីផ្សំទៅផលិតគ្រឿងញៀនខុសច្បាប់។ ៦.ពិនិត្យ ពីលទ្ធភាពបង្កើតផ្តល់ជំនួយបច្ចេកទេស ចែករំលែកនូវបទពិសោធន៍ ស្តីពីប្រតិបត្តិការប៉ុស្តិ៍ត្រូតពិនិត្យគ្រឿងញៀននៅតំបន់ជាប់ត្រីកោណមាស។ ៧.បង្កើនប្រសិទ្ធភាពប្រតិបត្តិការ យន្តការសហប្រតិបត្តិការអន្តរជាតិដែលមានស្រាប់គ្រប់គ្រងគ្រឿងញៀន និង៨.ស្វាគមន៍ ចំពោះ ភាពឈ្លាសវៃរបស់អាស៊ានក្នុងការត្រួតពិនិត្យគ្រឿងញៀនដែលចែករំលែកជាមួយប្រទេសផ្សេៗលើលោក៕