លោក Felix មើលឃើញ​មាន​ភាព​រីកចម្រើន​២​ចំណុច ទោះ​ចាញ់​បា​រ៉ែ​ន​

បាល់ទាត់ ៖ ក្រោយពី​បាន​ដឹកនាំ​ក្រុម​ប្រកួត​ចាញ់ ក្រុម​ជម្រើស​ជាត​បា​រ៉ែ​ន ក្នុង​លទ្ធផល ០​ទល់​១ នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា ( 2022 FIFA World Cup qualification-AFC )​លោក Filex Dalmas គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បញ្ជាក់ថា មើលឃើញ​ការរីកចម្រើន ២​ចំណុច​។​

​លោក Filex បាន​លើ​ឡើង​ដូច្នេះ​ក្រោយ​ចប់​ការប្រកួត​ថា ៖ «​ចំណុច​ល្អ​មាន​ច្រើន ដូចជា​កីឡាករ​ព្យាយាម​ជួយ​គ្នា​ទៅវិញទៅមក ព្យាយាម​លេង​ដោយ​ទំនុកចិត្ត តាម​អ្វីដែល​ខ្លួន​ចង់​លេង។ ជាការ​ពិត​យើង​បាន​លេង​ជាមួយ​ក្រុម​មួយ​ខ្លាំង​មែនទែន តែ​យើង​នៅតែ​ព្យាយាម​រក្សា​ជំហរ​លេង។ ដូច​ខ្ញុំ​ធ្លាប់​និយាយ​អញ្ចឹង យើង​ទើប​ចាប់ផ្ដើមបាន១​ឆ្នាំ យើង​ត្រូវការ​ពេលវេលា​ច្រើន​ទៀតដើម្បី​អភិវឌ្ឍន៍ និង​ពង្រឹង​ទម្រង់​លេង​របស់​យើង។​»

​លោក បាន​បន្តទៀតថា​ ៖ «​ចំណុច​ដែល​ខ្ញុំ​មើលឃើញ​ការរីកចម្រើន គឺ​ការយល់​ពី​ទម្រង់​លេង និង​ការរក្សា​ជំហរ​ក្នុងតួនាទី​រៀងៗ​ខ្លួន និយាយ​ទៅ​យើង​មាន​ចំណុច​រីកចម្រើន ហើយ​ក៏មាន​ចំណុច​ខ្វះខាត​ដែរ ដែល​យើង​ត្រូវការ​ពេលវេលាដើម្បី​អភិវឌ្ឍន៍​បន្ថែម។ ប៉ុន្ដែ​យ៉ាងណា​លោក​មិន​ពេញចិត្តចំពោះ​លទ្ធផល ២​ប្រកួត​ចុងក្រោយ​នេះ​ទេ តែ​យើង​នឹង​ព្យាយាម​ដើម្បី​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​។​»

​គួរ​បញ្ជាក់ថា ការប្រកួត​បន្ទាប់​រប​ស់​កម្ពុជាក្នុង​វគ្គ​សន្សំ​ពិន្ទុ​នៃ​ពូ​ល C កម្ពុជា​ហោះហើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​អ៊ីរ៉ង់នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ មុន៥​ថ្ងៃ​បន្ទាប់​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ដដែល​៕