អាជ្ញាធរប្រើប្រាស់សាឡង់៥គ្រឿងអូសអាងហែលទឹកសិប្បនិមិត្តដាច់ខ្សែទើរនៅស្ពានកោះប៉ែន

ខេត្តកំពង់ចាម ៖ ករណីអាងហែលទឹកសិប្បនិមិត្តដែលបានដាច់ខ្សែរសាត់ទៅទើរនៅគល់ស្ពានកោះប៉ែន ក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម ត្រូវបានប្រធានគណៈបញ្ជាការឯកភាពខេត្ត អ៊ុន ចាន់ដា ចាត់តាំងឲ្យកម្លាំងអាជ្ញាធរអូសយកចេញពីកន្លែងកើតហេតុបានសម្រេចហើយនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ។

អាជ្ញាធរបានឲ្យដឹងថា ការដែលអូសអាងហែលទឹកសិប្បនិម្មិតដ៏ធំចេញពីគល់ស្ពានកោះប៉ែននេះទៅបានដោយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រើប្រាស់សាឡង់ចំនួន០៥គ្រឿង ទើបធ្វើការអូសទាញ អាងហែលទឹកសប្បនិមិត្តចេញពីកន្លែងកើតហេតុនោះបានចម្ងាយប្រមាណជា២០ម៉ែត្រ និងបានចងផ្អោបទៅនឹងដើមអំពិលទឹកជាបណ្ដោះអាសន្នដើម្បីរង់ចាំឱកាសល្អធ្វើការអូសទាញចេញបន្ត ព្រោះ បច្ចុប្បន្នល្បឿនខ្សែទឹកកំពុងតែហូរខ្លាំង។

គួររំលឹកផងដែរថា បន្ទាប់ពីទទួលបានព័ត៌មានអាងហែលទឹកសិប្បនិម្មិតដ៏ធំ១កន្លែងដែលមានទំហំ៦០ម៉ែត្រ ទទឹង២២ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែ ហើយរសាត់តាមទឹកទៅទើរជាប់នៅចំណុចគល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី៩ ខែកញ្ញា ភ្លាមៗ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានបញ្ជាកម្លាំងអន្តរាគមន៍ ដើម្បីអូសអាងទឹកនោះចេញពីតំបន់កើតហេតុនោះ៕