សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងតាមអនឡាញមួយកន្លែងផ្អើលក្រុងបានលុង

ខេត្តរតនគិរី ៖ ម៉ូតូជាច្រើនគ្រឿងត្រូវសមត្ថកិច្ចដឹកជញ្ជូនយកទៅរក្សាទុក បន្ទាប់ពីអយ្យការអមសាលាដំបូងខេត្ត នាំកម្លាំងចុះបង្ក្រាបហាងលក់កាហ្វេ មួយកន្លែងលួចបង្កប់ល្បែងស៊ីសង។

ករណីបង្ក្រាបនេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរដ្ឋាន នគរបាលខេត្ត សហការណ៍ជាមូយកម្លាំងនគរបាលអធិការក្រុងបានលុង ដឹកនាំដោយលោក លាង អ៊ូ ព្រះរាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ចុះបង្ក្រាបនៅវេលាម៉ោង១៤ និង៣០នាទី ល្ងាចថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅហាងលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី ដែលមានម្ចាស់ឈ្មោះ ប៊ួយ ធីង៉ុកហា ជាស្ត្រីជនជាតិវៀតណាម ។

លោក លាង អ៊ូ ព្រះរាជ្ញារងអមសាលាដំបូងខេត្ត បានអោយដឹងថា ករណីបង្ក្រាបនេះ យើងបានធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរស់ជុំវិញតំបន់នេះ។ លោកព្រះរាជ្ញារងបានបញ្ជាក់ដែរថា ចំពោះករណីនេះលោកនឹងបន្តធ្វើការរឹបអូសយកម៉ូតូ និងសម្ភារៈពាក់ព័ន្ធ ជាពិសេសគឺហៅម្ចាស់ដែលផ្ដល់ទីតាំងទៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសួរនាំ និងបំពេញសំណុំរឿងទៅតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក ហួត បូរី អធិការនគបាលក្រុងបានលុងថា នៅក្នុងករណីបង្ក្រាបកន្លែងបើកល្បែងស៊ីសង ជល់មាន់តាមអនឡាញនេះ សមត្ថកិច្ចដកហូតបានសម្ភារៈមួយចំនួនដូចជា ៖ ម៉ូតូចំនួន២៧ គ្រឿង ទូរទស្សន៍៣គ្រឿង ម៉ាស៊ីនកត់ឆ្នោត១គ្រឿង។

បច្ចុប្បន្នវត្ថុតាងបានដឹកយកទៅរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីធ្វើការដោះស្រាយជាបន្តទៀត។ ចំណែកម្ចាស់ផ្ទះបាននាំមកកាន់ការិយាល័យព្រហ្មទណ្ឌដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា នៅក្នុងករណីសមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកកន្លែងល្បែងជល់មាន់តាមអនឡាញនេះ សមត្ថកិច្ចបានហៅម្ចាស់ទីតាំងដែលជាជនជាតិវៀតណាមចំនួន៥នាក់ទៅសួរនាំ ប៉ុន្តែមិនទាន់ដឹងថា សមត្ថកិច្ចចាត់ការម្ចាស់ទីតាំងនេះយ៉ាងណានៅឡើយទេ ប៉ុន្តែបើតាមលោក លាង អ៊ូ ព្រះរាជ្ញារងបញ្ជាក់នៅល្ងាចថ្ងៃដដែលថា ចំពោះម្ចាស់ទីតាំង និងម្ចាស់ម៉ូតូតុលាការនឹងធ្វើការតាមនីតិវិធីជាបន្តទៀត៕ ដោយ ៖ ភួង ផុន