ពលរដ្ឋរងគ្រោះដោយទឹកជំនន់២២១គ្រួសារក្នុងស្រុកសេសាន និងស្រុកសៀមប៉ាងទទួលអំណោយមនុស្សធម៌ពីសម្តេចតេជោ

ខេត្តស្ទឹងត្រែង ៖ លោក ម៉ុម សារឿន អភិបាលខេត្ត ដឹកនាំក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាននាំយកនូវអំណោយមនុស្សធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅចែកជូនប្រជាពលរដ្ឋចំនួនពីរស្រុក គឺស្រុកសេសាន និងស្រុកសៀមប៉ាង ដែលមានប្រជាពលរដ្ឋចំនួន២២១គ្រួសារ រងផលប៉ះពាល់ដោយសារទឹកជំនន់ កំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលមានសុវត្ថិភាពនៅមូលដ្ឋាន។

ក្នុងឱកាសចែកអំណោយនារសៀលថ្ងៃទី១០កញ្ញាម្សិលមិញ លោកអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខដោយក្តីនឹករលឹកយ៉ាងជ្រៀលជ្រៅពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជួបគ្រោះទឹកជំនន់នៅក្នុងរដូវវស្សានេះ ទោះនៅជិត ឬឆ្ងាយយ៉ាងណាក៏ដោយ ក៏សម្តេចទាំងពីរតែងតែយកចិត្តទុកដាក់ជានិច្ចក្នុងគ្រាដែលប្រជាពលរដ្ឋមានទុក្ខលំបាក ដោយមិនទុកនរណាម្នាក់ចោលដោយពុំបានដឹងនោះទេ។ ទន្ទឹមនោះលោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់នៅពេលទឹកស្រកទៅវិញចាប់ផ្តើមប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើនផលដំណាំឡើងវិញ។ ហើយក្នុងពេលទឹកជំនន់បែបនេះត្រូវថែទាំសុខភាពឲ្យបានល្អ ទទួលទានអាហារឲ្យបានត្រឹមត្រូវ ហូបទឹកដាំឆ្អិន ដោយរស់នៅក្នុងបរិស្ថានស្អាត មានអនាម័យល្អ ត្រូវគេងក្នុងមុងជានិច្ចត្រូវមើលថែទាំក្មេងតូចៗ ជៀសវាងកុំឲ្យលេងទឹក ដែលអាចបណ្តាលឲ្យជួបគ្រោះថ្នាក់ជាយថាហេតុ ។

សូមបញ្ជាក់ថា មូលដ្ឋានដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងឆ្នាំនេះមាន៦ក្រុង/ស្រុក មាន២៨ឃុំ-សង្កាត់ និង៩៩ភូមិ ក្នុងនោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់មាន៩០១៣គ្រួសារ បានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពចំនួន២៩៦៣គ្រួសារ ឯផលដំណាំកសិកម្មវិញបានប៉ះពាល់ចំនួន៨៥២១ហិកតា។ រីឯអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកអភិបាលខេត្ត និងក្រុមការងារ យកទៅចែកជូននាពេលនេះ រួមមាន ៖ ឃីត១កញ្ចប់ .អង្ករ តង់ មុងជ្រលក់ថ្នាំ និងថ្នាំសំរាប់ដាក់ក្នុងទឹកជាដើម៕ ដោយ ៖ ម៉ាវិន