ស្ថាបនិក​ជាន់​ខ្ពស់ក្រុមហ៊ុន​ Alibaba លោក Jack Ma លាលែង​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​

ចិន ៖ ស្ថាបនិក​ជាន់​ខ្ពស់​របស់ក្រុមហ៊ុន ​Alibaba  ដែលក្រុមហ៊ុនពាណិជ្ជកម្ម​តាម​អន​ឡាញ​​ដ៏​ល្បីល្បាញ​របស់​ចិន គឺ​លោក Jack Ma បាន​លាលែង​ពី​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុននេះកាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ខណៈដែលការប្រកាសលាលែងពីតំណែងរបស់ស្ថាបនិករូបនេះធ្វើឡើងក្នុងពេល​អបអរសាទរ​ខួប​លើក​ទី​២០​របស់​ខ្លួន។

បន្ទាប់ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា​នេះ​ទៅ​លោក Ma គ្រោង​នឹង​ចំណាយ​ពេលវេលា​របស់​លោក​បន្ថែម​ទៀត ដោះស្រាយ​បញ្ហា​របស់​ចិននៅ​ក្នុង​បញ្ហា​ចំពោះ​មុខ ​នៃ​ការ​បណ្ដុះបណ្ដាល​គ្រូបង្រៀន​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ​នៅ​តាម​តំបន់​ជន​បទ​នានាតាមរយៈ​មូលនិធិ​របស់​លោក ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤។ នៅ​ខែ​ក្រោយនេះ​លោក​ក៏​នឹង​ចូល​រួម​ ព្រឹត្តិការណ៍ពានរង្វាន់​សហគ្រិន​អាហ្វ្រិក​លើកដំបូង ដើម្បី​ប្រកាស​ពី​អ្នកឈ្នះ​ពានរង្វាន់​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​ ១​ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​បន្ត​តួនាទី​របស់​លោក​ជា​អ្នកតំណាង​ ឲ្យ​មុខមាត់​សហគ្រិនភាព​របស់​ប្រទេស​ចិន​។

សូមជម្រាបថា ចាប់​តាំង​ពី​ការ​ចាប់​បដិសន្ធិ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩៩៩ ក្រុមហ៊ុន Alibaba ប្រែក្លាយ​ពី​ក្រុម​ពាណិជ្ជកម្ម​តាម​អន​ឡាញ​បែប​ប្រពៃណី ទៅជា​ក្រុមហ៊ុន​សាជីវកម្ម​ចម្រុះ​មួយ​ ដែល​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ​ពី​ភស្តុភា រហូត​ទៅដល់​ការ​ដឹក​ជញ្ជូន​ស្បៀងអាហារ និង​ដំឡើង​កម្មវិធី​បណ្ដាញ​អ៊ីនធឺណិត។ ពេលនេះ​ Alibaba គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​តម្លៃ​ជាង ​៤៦០​ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រុមហ៊ុន Alibaba​ ត្រូវ​បាន​បង្កើត​ឡើង ​ដោយ​ស្ថាប​និក​មួយ​ក្រុម​មាន​សមាជិក ១៨​នាក់ដឹកនាំ​ដោយលោក Jack Ma​។​ ក្រុម​នេះ​បាន​ធ្វើ​ការ​ចេញពី​ផ្នែក​មួយ​ នៃ​អគារ​អាប់​ផាត​មិន​របស់​លោក ​Ma នៅ​ក្នុង​ទីក្រុង​ហាន​ចូ​វ​របស់​ប្រទេស​ចិន ជាទី​ដែល​ក្រុមហ៊ុន Alibaba ត្រូវ​បាន​បង្កើត​ទីស្នាក់ការ​កណ្ដាល​នៅ​ទីនោះ​នា​ពេល​បច្ចុប្បន្ន​។ គេហទំព័រ​ដំបូង​របស់​ខ្លួន​មាន​ឈ្មោះថា Alibaba.com ជា​ផ្សារ​លក់ដុំ​ប្រើ​ភាសា​អង់គ្លេស។ នៅ​ឆ្នាំ​ដដែល​នោះ​ដែរ​ក្រុមហ៊ុន Alibaba បាន​បង្កើត​ផ្សារ​លក់​បោះ​ដុំ​ក្នុងស្រុក​មួយ​៕