មេភូមិក្រវាត្រូវខ្សែភ្លើងឆក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និង ម្នាក់ទៀតរងរបួសធ្ងន់បញ្ជួនមកសង្គ្រោះនៅមន្ទីរពេទ្យបារាយណ៍សន្ទុក ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឋិតនៅចំណុចភូមិក្រវ៉ាឃុំក្រវ៉ាស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក ពៅ សេរីរិទ្ធ នាយរងប៉ុស្តិ៍បានឲ្យដឹងតាមទូរស័ព្ទថា ជនរងគ្រោះឈ្មោះ ហេង ប៊ុនណា ភេទប្រុសអាយុ៦៥ឆ្នាំ មានតួនាទីមេភូមិ (ស្លាប់នៅនិងកន្លែងកើតហេតុ) ទីលំនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ អ្នករបួសធ្ងន់ឈ្មោះ សួន ម៉េត ភេទប្រុស អាយុ៦៣ឆ្នាំ (របួសធ្ងន់) ទីលំនៅភូមិ ឃុំជាមួយគ្នា។ លោក ពៅ សេរីរិទ្ធ បានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានលើកមេក្រូដែលមានដងដែក ដើម្បីឃោសនាបច្ច័យអំពីសំណាក់បងប្អូនប្រជាពលរដ្ឋរាយអង្គាសគ្នាដម្បីជួសជុសផ្លូវក្នុងភូមិ ខណៈលើកមេក្រូឡើងលើក៏ប៉ះចំខ្សែភ្លើងដែលគ្មានស្រោម (ស្រាត) បណ្តាលឲ្យឆក់ឈ្មោះ សួន ម៉េត សន្លប់ស្តូកស្តឹង ហើយលោក ហេង ប៊ុនណា ដែលជាមេភូមិក៏ស្ទុះទៅជួយចាប់ចំដងមេក្រូ ឆក់ស្លាប់ភ្លាមៗតែម្តង។

សាកសពជនរងគ្រោះសាច់ញាតិប្រពន្ធកូនយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកដែលរងរបួសធ្ងន់នោះពេលនេះរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ៕ ដោយ ៖ ជឹម ទូច