​អ៊ីរ៉ង់សាទរ​ចំពោះ​ការបណ្តេញ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​ចេញពី​តំណែង​

​តេ​អេ​រ៉ង់ ៖ អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​សាទរ​ចំពោះ​ការចាកចេញ​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton កាលពី​ថ្ងៃ​អង្គារ អ៊ីរ៉ង់ ដោយ​បង្ហាញ​ជំនឿ​ថា​ការបណ្តេញចេញ​នេះ​នឹង ទប់ស្កាត់​កុំឱ្យ​សង្គ្រាម​ផ្ទុះឡើង​និង​សម្ពាធ​នៃ​ការដាក់ទណ្ឌកម្ម​នឹង​ជួយ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន យល់​កាន់តែច្បាស់​ពី​ទីក្រុង​តេ​អេ​រ៉ង់។​

​អ្នកនាំពាក្យ​លោក Ali Ali Rabiei បាន​សរសេរ​នៅលើ Twitter យ៉ាង​ដូច្នេះ​ថា «​កាលពី​ប៉ុន្មាន​ខែ​មុន​លោក John Bolton បាន​សន្យាថា នឹង​លុប​អ៊ីរ៉ង់​ចេញពី​ផែនទី​ពិភពលោក​ក្នុង​រយៈពេល​បី​ខែ ប៉ុន្តែ​ឥលូវ​យើង​នៅតែ​ឈរ​នៅទីនេះ តែ​លោក​បែរជា​ត្រូវ​បណ្ដេញ​ចេញពី​តំណែង​ទៅវិញ​។ ដូច្នេះ​យើង​យល់ថា ការបណ្ដេញ​លោក Bolton ពី​តំណែង​គឺជា​ការទប់ស្កាត់​កុំឱ្យ​សង្គ្រាម​ផ្ទុះឡើង ហើយ​វា​នឹង​ជួយ​ឱ្យ​សហរដ្ឋអាមេរិក យល់ ឬ​ស្គា​ល់ពី​អ៊ីរ៉ង់​កាន់តែច្បាស់​»​។​

នៅពេល​អ្នកកាសែត​សួរ​ឱ្យធ្វើ​អត្ថាធិប្បាយ​អំពី​ការលាលែង​របស់លោក Bolton រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​និយាយថា​ក្រសួង​របស់លោក​នឹងមិន​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​ណាមួយ​លើ​បញ្ហា​ដែល​ទាក់ទង​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​សហរដ្ឋអាមេរិក​នោះទេ​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​ប្រធានាធិបតី​អាមេរិក Donald Trump បានប្រកាសថា​លោក​បាន​ស្នើឱ្យ​លោក Bolton លាឈប់តំណែងបន្ទាប់​ពី​បញ្ហា​មិន​ចុះសម្រុង​មួយចំនួន​ក្នុងនោះ​រួមមាន​ទាំង​អ៊ីរ៉ង់ កូរ៉េខាងជើង និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម​។​

​លោក Bolton ត្រូវបាន​គេ​ជឿថា​ជា​អ្នកតស៊ូ​មតិ​ជំហរ​រឹងប៉ឹង​ប្រឆាំង​លើ​ទីក្រុង​តេ​អេ​រ៉ង់​ក្នុងការ​ចរចារ​ជាមួយ​អាមេរិក​។​ប៉ុន្តែ​ទន្ទឹមនឹង​នេះដែរ​លោក Trump បានបង្ហាញ​ម្តង​ហើយ​ម្តងទៀត​នូវ​ការត្រៀមខ្លួន​សម្រាប់​ការជជែក​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​។ លោក​ក៏បាន​អះអាង​ផងដែរ​ថា​ការដាក់ទណ្ឌកម្ម​ជា​អតិបរិមា​ទៅលើ​ទីក្រុង​តេ​អេ​រ៉ង់​គឺមាន​គោលបំណង​ដើម្បី​កែប្រែ​ឥរិយាបទ​របស់​ប្រទេស​នេះ​ជាជាង​បង្ខំ​ឱ្យមាន​ការផ្លាស់ប្តូរ​រប​ប​៕