កម្ពុជា​ប្រតិកម្ម​តប​ទៅនឹង​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ករណី​លោក កឹម សុខា​

​ភ្នំពេញ ៖ កម្ពុជា​បានចេញ​នូវ​សេចក្តីថ្លែងការណ៍​បន្ទាន់​មួយ​ឆ្លើយតប​ទៅនឹង​សេចក្តី​ថ្លែង ការណ៍​របស់ លោក ស្រី Morgan Ortagus អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​អំពាវនាវ ឱ្យ​កម្ពុជា ទម្លាក់ចោល​ការចោទប្រកាន់​លើ លោក កឹម សុខា ដែល​កំពុង ត្រូវ​ឃុំឃាំង​ក្នុង​គេហដ្ឋាន ។​

​យោងតាម​សេចក្តីថ្លែងការណ៍​បន្ទាន់​នោះ​កម្ពុជា​បាន​ពន្យល់​សហរដ្ឋអាមេរិក​ថា​៖ «​ចាប់តាំងពី ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ផ្អែកលើ​ហេតុផល​មនុស្សធម៌ លោក កឹម សុខា ត្រូវបាន ដោះលែង​ឲ្យ​មក​រស់នៅ​ក្នុងផ្ទះ​របស់​គាត់​ជាមួយ​គ្រួសា​យ៉ាង​សុខ​ស្រួល ក្រោម​ការត្រួតពិនិត្យ របស់​តុលាការ​។ ដូច​បណ្តា​ប្រទេស​ដទៃទៀត​ដែល​អនុវត្ត​ប្រព័ន្ធ​ច្បាប់​ស៊ីវិល (civil law) នីតិវិធីតុលាការ​កម្ពុ​ជា​មិនមាន​ចែង​អំពី​ថេរៈវេលា​អតិបរិមា សម្រាប់​រឿងក្តី​ដែល​ស្ថិត ក្រោម​ការឃ្លាំមើល​តាមផ្លូវ​តុលាការ​នោះទេ​។​

​កម្ពុជា​ក៏បាន​រម្លឹក​ទៀតថា ការបរាជ័យ​ក្នុងការ​ប៉ុនប៉ង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​របប តាមរយៈ​មធ្យោបាយ​មិនមែន​ប្រជាធិបតេយ្យ មិនមែនជា​ការអនុវត្ត​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ នោះទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​មាន​សិទ្ធិ​អធិបតេយ្យ​ពេញលេញ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ចាំបាច់ ចំពោះ​បុគ្គល​និង​អង្គភាព​ទាំងឡាយណា ដែល រំលោភ​រដ្ឋធម្មនុញ​ក​ម្ពុ​ជា និង​ច្បាប់​ជា​ធរមាន​ផ្សេងទៀត សំដៅ​ការពារ​សន្តិសុខ​ជាតិ និង​នីតិរដ្ឋ​របស់ខ្លួន ។​

​កម្ពុជា​ទាមទារ​ឱ្យ​អ្នកនយោបាយ និង​រដ្ឋ​ការបរទេស​ទាំងអស់​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោល ការណ៍​ប្រព័ន្ធ​ពហុភាគី​និយម និង​បទដ្ឋាន​មូលដ្ឋាន​ណែ​ទំនាក់ទំនង​អន្តរជាតិ ដូចដែល​មាន ចែង​នៅក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ គោរព​អធិបតេយ្យភាព​កម្ពុជា និង​ចៀសវាង​ពី​ការ ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដោយ​យក​លេស​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​។​
​យ៉ាងណាក៏ដោយ​នៅក្នុង​សេចក្តីថ្លែងការណ៍​បន្ទាន់​នោះ​ក៏បាន​រម្លេច​ថា កម្ពុជា​បង្ខំចិត្ត​ត្រូវតែ ឆ្លើយតប​ទៅនឹង​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​ករណី​លោក កឹម សុខា អតីត​ប្រធាន CNRP ៕