ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តស្វាយរៀង ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកណ្ដៀងរាយបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀ៣នាក់កាលពីនៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦ និង២០ នាទីនៅចំណុចភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង នាំយកមកធ្វើការសាកសួរ និងធ្វើតេសទឹកម៉ូត្រស្វែងរកសាធាតុមានលទ្ធផលវិជ្ជមាន (+) ជាមេតំហ្វេតាមីនប្រភេទម៉ាទឹកកក។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់រួមមាន ៖ ១-ឈ្មោះ ចាន់ប្រុស ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរទីលំនៅភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប។ ២-ឈ្មោះ ជូ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ និង៣-ឈ្មោះ សុខ បូណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរទីលំនៅភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។

សមត្ថកិច្ចបានបន្តទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចយើងដកហូតសម្ភារៈ និងវត្ថុតាងរួមមាន ៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួន០៨កញ្ចប់(ធំ៣), ទូរស័ព្ទ៤គ្រឿង, ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នករណីខាងលើសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ដោយ ៖ ភក្តី