រដ្ឋមន្ត្រីក្រសួងការងារកម្ពុជាទទួលគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន

ឥណ្ឌូនេស៊ី ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាទទួលបានគោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» (Distinguished Honorary Fellow) ពីអង្គការសហព័ន្ធវិស្វកម្មអាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ពិធីប្រគល់គោរមងារនេះបានរៀបចំធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្រ្តីអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទលើកទី៣៧ របស់អង្គការសហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-37) ក្រោមវត្តមានអញ្ជើញចូលរួមបើកដោយ លោក Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី​ នាថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩នេះ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី​។

គោរមងារជា «វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ដែលអង្គការសហព័ន្ធវិស្វកម្មអាស៊ានគោរព ប្រគល់ជូនលោកបណ្ឌិត អ៊ិត​ សំហេង នាពេលនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោកក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជានាពេលកន្លងមក ព្រមទាំង លោកជាឥស្សរជនជាន់ខ្ពស់ដែលបានជួយជ្រោមជ្រែងគណៈវិស្វករកម្ពុជា។

ក្នុងឱកាសនោះ លោកប្រធានាធិបតី​នៃសាធារណរដ្ឋឥណ្ឌូនេស៊ីក៏ទទួលបាន​ គោរមងារ​ ​«វិស្វករកិត្តិយសជាន់ខ្ពស់ថ្នាក់ឧត្តុង្គឧត្តម» ផងដែរ៕