កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំយកអំណោយមនុស្សធម៌ចែកពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ ចាស់ជរា និងទីទ័លក្រចំនួន៥គ្រួសារ (ឆេះផ្ទះចំនួន១គ្រួសារ ចាស់ជរា និងទីទ័លក្រចំនួន៤គ្រួសារ) ស្ថិតនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកស្រី អនុប្រធាន បានសម្ដែងការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ បណ្ដាលឲ្យខូចខាតផ្ទះសំបែង និងបាត់បង់អស់ទ្រព្យសម្បត្តិជាច្រើន ហើយសូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចញ្ចឹមជីវិត ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ រីឯគ្រួសារចាស់ជរា និងទីទ័លក្រ សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ បរិភោគអាហារដែលមានជីវជាតិ ដោយប្រកាន់ខ្ជាប់នូវ ហូប ស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ និងលេបថ្នាំឲ្យបានគ្រប់ចំនួនដងទៅតាមការណែនាំរបស់គ្រូពេទ្យ ។

សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មុង១ សារុង១ ក្រមា១ អាវយឺតចំនួន២ និងថវិកាមួយចំនួន។

សូមបញ្ជាក់ថា សម្រាប់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលបាននូវតង់១ កន្ទេល១ ចានដែក១ សូទឹកកក១ បន្ថែមផងដែរ៕ ដោយ ៖ ជឹម ទូច