សិល្បករជើងចាស់១រូបមានបញ្ហាជីវភាពរស់នៅ និងមានជំងឺប្រចាំកាយទទួលអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត 

ខេត្តបាត់ដំបង ៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការីនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក និងនាំអំណោយជាថវិកាចំនួន២ម៉ឺនដុល្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកស្រី ឡឹម វណ្ណារី  អាយុ៥៨ឆ្នាំ ជាសិល្បករជើងចាស់ដែលមានបញ្ហាជីវភាពរស់នៅ និងមានជំងឺប្រចាំកាយ រស់នៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកបណ្ឌិត ប៊ុត គឹមស៊ាន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះលោកស្រី ឡឹម វណ្ណារី  ដែលធ្លាប់មានទេពកោសល្យ និងបានបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានេះលោកប្រធានបានផ្តាំផ្ញើឲ្យថែរក្សាសុខភាពឱ្យបានល្អរស់នៅឲ្យបានសមរម្យ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ។ ទន្ទឹមនឹងនេះលោកស្រី ឡឹម វណ្ណារី និងស្វាមីបានសំដែងក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ គិតគូរជួយសម្រាលទុក្ខលំបាក និងលើកទឹកចិត្តអ្នកដែលជួបទុក្ខលំបាកដោយគ្មានការរើសអើងអ្វីឡើយ៕