ពលរដ្ឋរស់នៅឃុំកណ្តៀងរាយនាំគ្នាចាប់យករបរធ្វើនំបញ្ចុកផ្គត់ផ្គង់ជីវភាពគ្រួសារ

ខេត្តស្វាយរៀង ៖ ដោយសារតែនំបញ្ចុកគឺជាអាហារមួយប្រភេទ ដែលប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាបានស្គាល់ និងនិយមទទួលទានជាទូទៅ ទើបធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀងបាននាំគ្នាចាប់យករបរធ្វើនំបញ្ចុក នេះសម្រាប់ចិញ្ចឹមជីវិត។

បើតាមលោក មាស សំអឿន រស់នៅភូមិ ក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា គ្រួសាររបស់គាត់បានចាប់យករបរធ្វើនំបញ្ចុកនេះតាំងពីឆ្នាំ២០០៧ មកម្ល៉េះដោយក្នុងមួយថ្ងៃធ្វើយ៉ាងតិច១០០គីឡូក្រាមជាងហើយបើ ថ្ងៃណាមានម៉ូយកម្មង់ច្រើនរហូតដល់ជាង៣០០គីឡូក្រាមដោយលក់បានក្នុងមួយគីឡូក្រាមចាប់ពី១៨០០រៀល២០០០រៀលការធ្វើនំបញ្ចុកនេះសម័យបច្ចុប្បន្នពួកគាត់ប្រើម៉ាស៊ីន និងម៉ូទ័រអូសខុសពីសម័យមុនៗដោយផលិតនំបញ្ចុកបុកដោយក្បល់ជាន់ឬបុកដោយដៃ។

លោកបន្តថា ការធ្វើនំបញ្ចុកគឺត្រូវប្រើអង្ករមកកិនធ្វើម្សៅបន្ទាប់មកយកម្សៅមកវាយចូលគ្នាឲ្យសព្វរួចដាក់ចូលក្នុងប៉ែនសង្កត់ក្នុង ទឹកក្តៅចំអិនរហូតដល់ឆ្អិន ទើបយកមកចាប់ជាចង្វាយ។ លោកបញ្ជាក់ថា ការធ្វើនំបញ្ចុកយើងត្រូវងើបតាំងពីម៉ោង ៣ ឬ ៤ជិតភ្លឺ ដើម្បីរៀប រៀបចំត្រាំអង្ក កិនជាម្សៅ ដាំទឹក ធ្វើរហូតដល់ម៉ោង៨ ឬ៩ ព្រឹកតាមតិច ឬច្រើន។ នៅពេលធ្វើហើយមានម៉ូយមកយក ឬផ្ញើឲ្យគេ ខណៈម៉ូយខ្លះ នៅឆ្ងាយដូចជាតាមភូមិ និងតាមបណ្តាស្រុកផ្សេងៗក៏មាន។

លោកបញ្ជាក់ទៀតថា មុខរបរមួយនេះមើលទៅកាក់កបគ្រាន់បើ ពីព្រោះជីវភាពពួកគាត់ល្អ និងថែមទាំងផ្តល់ការងារឲ្យបងប្អូននៅក្នុងភូមិជាពិសេសចាស់ៗមកជួយធ្វើរកកម្រៃបានខ្លះ។ ជាមួយនិងការប្រកបរបរនេះអាជ្ញាធរក្រុងតែងជួយសម្របសម្រួលដល់ ពួកគាត់ពិសេសត្រូវគោរពទៅតាមច្បាប់ ក្នុងនោះអាជ្ញាធរតែង ចុះពិនិត្យ ដើម្បីកុំប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ៕ ដោយ ៖ ភក្តី