ជប៉ុន​តែងតាំង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​និង​ការពារជាតិ​ថ្មី បន្ទាប់ពី​រុះរើ​គណៈរដ្ឋមន្ត្រី​

​ជប៉ុន ៖ កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បានតែងតាំង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ការពារជាតិ​ថ្មី​ហើយ​បាន​លើកកម្ពស់​អ្នកនយោបាយ​ដែល​កំពុង​រះ​នៅក្នុង​ការរុះរើ​គណៈរដ្ឋមន្ត្រី​មួយ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​រំពឹងទុក​លើ​អ្នក​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​។​

​ការតែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​សម្រាប់​លោក Shinjiro Koizumi អាយុ​៣៨​ឆ្នាំ​ដែលជា​កូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី Junichiro Koizumi បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​ថ្នាក់​នយោបាយ​ទីក្រុង​តូ​ក្យូ​ខណៈដែល​យុគសម័យ​របស់លោក Abe​ជិត​ដល់ទី​បញ្ចប់​។​

​លោក Yoshimasa Maruyama ប្រធាន​សេដ្ឋវិទូ​ទីផ្សារ SMBC Nikko បាន​និយាយថា “​លោក Abe មានបំណង​ចាប់ផ្តើម​ការប្រកួតប្រជែង​បើកចំហ​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​បន្ទាប់​” ។​លោក Shinjiro Koizumi បានទទួល​ភាពល្បីល្បាញ​ដោយសារ​អាពាហ៍ពិពាហ៍រ​បស់​គាត់​នាពេល​ថ្មីៗ​នេះ​ជាមួយ​ពិធី​ការិនី​ទូរទស្សន៍​នាង Christel Takigawa ដែល​ត្រូវ​បានប្រកាស​នៅ​ការិយាល័យ​របស់​នាយក​រដ្ឋមន្ត្រី​។​ គាត់​គឺជា​រដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ​ទី​បី​ដែល​ត្រូវបានតែងតាំង​ក្នុងគណៈ​រដ្ឋមន្ត្រី​របស់​ប្រទេស​ជប៉ុន​ចាប់តាំងពី​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទី​២​មក​។​

​លោក Abe គ្រោង​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​យូរ​បំផុត​របស់​ជប៉ុន​នៅក្នុង​ខែវិច្ឆិកា​ប៉ុន្តែ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះ​ចេញពី​តំណែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ឆ្នាំ​២០២១​ហើយ​ការជំរុញ​សម្រាប់​តំណែង​នេះ​បានចាប់ផ្តើម​រួចទៅហើយ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្មី​របស់​ជប៉ុន​គឺ​លោក​Toshimitsu Motegi ដែល​ត្រូវបាន​តំឡើង​ឋានៈ​ដោយសារតែ​ការងារ​របស់គាត់​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ដែល​ចុះចេញ​គឺ​លោក Taro Kono ត្រូវ​ផ្ទេរ​ទៅ​ការពារជាតិ​ដែល​នេះ​ជាការ​ផ្លាស់ប្តូរ​មួយ​ត្រូវបាន​គេ​មើលឃើញ ថា​ ជាការ​ពង្រឹង​ជំហរ​របស់​ទីក្រុង​តូ​ក្យូ​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង ​ខណៈ​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​ទាំងពីរ​កាន់តែ​អាក្រក់​ទៅ​៕