ស្លាប់៥នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១១ ខែកញ្ញានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៨លើក) បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ (ប្រុស), របួសស្រាល១២នាក់ (ស្រីម្នាក់) និងរបួសធ្ងន់៣នាក់ (ស្រីម្នាក់)។ នេះបើយោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឱ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច១០គ្រឿង, រថយន្តធំ១គ្រឿង, យានផ្សេងៗ៣គ្រឿង និងថ្មើរជើង២នាក់  ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ប្រជែង និងស្រវឹង។

របាយការណ៍បញ្ជាក់ថា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១១៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦០នាក់ របួសធ្ងន់៩៦នាក់ និងរបួសស្រាល៥២នាក់៕