សម្តេចចៅហ្វាវាំង គង់ សំអុល នាំព្រះរាជអំណោយព្រះមហាក្សត្រចែកជូនពលរដ្ឋ ៨៥៧គ្រួសារនៅឃុំដា ស្រុកចិត្របុរី

ខេត្តក្រចេះ ៖ សម្តេចចៅហ្វាវាំងវរៈរៀងជ័យអធិបតីស្រីង្គារ គង់ សំអុល តំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋចំនួន៨៥៧គ្រួសារ ស្ថិតនៅភូមិម្រើម ឃុំដា ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីមន្រ្តីក្រុមការងាររបស់ព្រះអង្គ  អភិបាលនៃគណៈអភិបាល អភិបាលរងខេត្ត លោក លោកស្រីជាថ្នាក់ដឹកនាំ ក្រសួង មន្ទីរពាក់ព័ន្ធក្នុងខេត្តជាច្រើននាក់ផងដែរ។

មានប្រសាសន៍សំណេះសំណាក្នុងឱកាសនោះសម្តេចចៅហ្វាវាំង គង់ សំអុល នូវការនឹករលឹក និងក្តីបារម្ភពីសំណាក់ព្រះករុណា ព្រះបាទសម្តេច នរោត្តមសីហមុនី និងសម្តេចម៉ែ ក៏ដូចជារាជរដ្ឋាលភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែព្រះហទ័យអាណិតអាសូរ ចំពោះប្រជារាស្រ្តទូទៅរបស់ព្រះអង្គ។ ទន្ទឹមនោះក្នុងនាមព្រះមហាលក្សត្រ ក៏ដូចជារាជរដ្ឋាភិបាល សម្តេចចៅហ្វាវាំង សូមបងប្អូនទាំងអស់គ្នាថែទាំ សុខភាពអនាម័យរស់នៅមានសេចក្តីសុខ និងចូលរួមថែរក្សាបរិស្ថាន រស់នៅស្អាត ហូបមានអនាមយ័ល្អ និងគ្មានជំងឺឆ្លង។ ទន្ទឹមនោះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូន តូចៗ កុំមានគ្រោះថ្នាក់ដោយលង់ទឹក ឬជំងឺរាតត្បាតផ្សេងៗ បើមានហេតុការណ៍នេះកើតឡើង សូមបងប្អូនប្រញាប់ទាក់ទងទៅអាជ្ញាធរភ្លាម ឬយកអ្នកជំងឺទៅមណ្ឌលសុខភាពដើម្បីទទួលការព្យាបាល។

ក្នុងឱកាសនោះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល បានលើកឡើងថា បច្ចុប្បន្នប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ហេដ្ឋារចនាសម្ព័ន្ធ រីកដុះដាលពេញផ្ទៃប្រទេស។ ជាមួយគ្នានេះសម្តេចចៅហ្វាវាំង ក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំជឿនូវការឃោសនាអកុសលពីជន អគតិមួយក្តាប់តូច ដែលមានបំណងបំភ្លេចបំផ្លាញនូវសមិទ្ធផលដែលកើតមកដ៏កម្រនេះ និងបំផ្លាញនូវសេចក្តីសុខរបស់បងប្អូន។

សូមជ្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលមាន ៖ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រម ត្រីខមួយយួរ ក្រម៉ា១ សារ៉ុង១ តង់១ម៉ុង១ និងថវិកា២ម៉ឺនផងដែរ៕ ដោយ ៖ ស៊ាន ចន្ទ័ដា