អាវភ្លៀងរបស់សម្ដេចតេជោត្រូវបាននាំយកមកផ្តល់ជូនមន្រ្តីឧទ្យានុរក្សខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាវភ្លៀង និងមុងអង្រឹងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ជូនមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីតាមរយៈ លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី១១ ខែកញ្ញានេះ។

លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបរិស្ថាន បាននាំយកអំណោយជាអាវភ្លៀងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនដល់មន្រ្តីឧទ្យានុរក្សដែលបំពេញការងារនៅតាមតំបន់ការពារធម្មជាតិ ក្នុងនោះខេត្តមណ្ឌលគិរី ទទួលបានអាវភ្លៀងចំនួន១២០ និងមុងអង្រឹងចំនួន៦៥។

លោកបានបន្តថា ទន្ទឹមនេះ ក្រសួងបរិស្ថាន សហការជាមួយអង្គការការីតាស ដែលគាំទ្រទៅលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅស្រែអ៊ី ក៏បាននាំយកមកជាមួយនូវទូកម៉ាស៊ីនចំនួន១គ្រឿងទៀតប្រគល់ជូនឧទ្យានុរក្សយកទៅប្រើប្រាស់នៅក្នុងដែនជម្រកសត្វព្រៃស្រែ ពក ដើម្បីរួមចំណែកក្នុងការការពារធនធានធម្មជាតិ និងធ្វើអន្តរាគមន៍មនុស្សធម៌ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយទឹកជំនន់៕ ដោយ ៖ ជឹម ទូច