ផ្លូវចាក់បេតុងកៅស៊ូ (AC) ចំនួន៣ខ្សែប្រវែង៤៨៥០ម៉ែត្រក្នុងក្រុងព្រះវិហារជាណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោត្រូវបើកការដ្ឋាន

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០១៩នេះ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវគម្រោងអ៊ុតបេតុងកៅស៊ូ (AC) កម្រាស់៥សង់ទីម៉ែត្រ លើផ្លូវចំនួន៣ខ្សែប្រវែង៤៧៥០ម៉ែត្រក្នុងក្រុងព្រះវិហារដែលមានកាអញ្ជើញចូលរួមពីលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមប្រធានមន្ទីរជុំវិញខេត្ត ជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានថ្លែងឲ្យដឹងថា ការបើកការដ្ឋាននេះជាការពង្រឹងគុណភាពផ្លូវដោយជួសជុលផ្លូវរួចអ៊ុតបេតុងកៅស៊ូ(AC)កម្រាស់៥សង់ទីម៉ែត្រមានចំនួន៣ខ្សែ រួមមាន ៖ ខ្សែទី១ ផ្លូវព្រះខ័ណចាប់ពីពីរផ្លូវកែងផ្លូវជាតិលេខ៩ទល់នឹងផ្លូវជាតិលេខ៨មានប្រវែង១៣៤០ម៉ែត្រទទឹង១៨ ម៉ែត្រ។ ខ្សែទី ២គិតពីរង្វង់មូលនាគព័ន្ធដល់កែងផ្លូវជាតិលេខ ៩មានប្រវែង៣០៥០ម៉ែត្រទទឹង ១៨ ម៉ែត្រនឹង ៩ ម៉ែត្រ និងខ្សែទី ៣ គិតចាប់ពីរង្វង់មូលនាគព័ន្ធដល់រង្វង់មូលព្រះនរាយមានប្រវែង ៤៦០ ម៉ែត្រទទឹង ១៤ ម៉ែត្រ ដោយអនុវត្តវិស្វកម្មក្រសួងមហាផ្ទៃ។

លោក សំ លាងទ្រី បានបន្តថា ក្រៅពីអ៊ុតកៅស៊ូខាងលើខាងមន្ទីរសាធារណការខេត្ត មានគម្រោងពង្រីកផ្លូវកោះកេរចាប់ពីរង្វង់មូលព្រះនរាយរហូតដល់កែងផ្លូវព្រះខ័ណ អោយក្លាយទៅជាផ្លូវភ្លោះមានទទឹង១៨ម៉ែត្រដាក់បង្គោលភ្លើងនឹងធ្វើសួនច្បារកណ្ដាលទ្រូងផ្លូវនាពេលឆាប់ៗខាងមុខនេះ។ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅតាមចិញ្ចើមផ្លូវសហការរុះរើដើម្បីងាយស្រួលក្នុងការសាងសង់ផ្លូវ។

លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានស្នើសុំដល់ក្រុមហ៊ុនសាងសង់ផ្លូវខាងលើត្រូវយកចិត្តទុកដាក់តាមបទដ្ឋានបច្ចេកទេសដើម្បីឲ្យបានទាំងគុណភាព និងសោភ័ណភាព ជូនប្រជាពលរដ្ឋ។ ហើយផ្លូវទាំង ៣ខ្សែខាងលើនេះសរុបមានប្រវែង ៤៨៥០ ម៉ែត្រ ដែលគម្រោងផ្ដល់ជូនដោយសម្ដេចតេជោហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សាលាខេត្តព្រះវិហារ តាមគម្រោងអភិវឌ្ឍន៍ឆ្នាំ ២០១៩ដើម្បីបង្កើតសោភ័ណភាព និងប្រលងទីក្រុងស្អាតនៅពេលខាងមុខនេះ។ ទន្ទឹមនោះលោកបានស្នើសុំប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវចូលរួមថែរក្សាការពារប្រព័ន្ធលូឲ្យបានល្អ កុំឲ្យមានការកកស្ទះលូបណ្តាលឲ្យខូចផ្លូវ៕ ដោយ ៖ ជឹម ទូច