កន្លែងលក់សាច់សុនខអាំងបង្វិល និងជាសម្លមួយកន្លែងក្នុងក្រុងស្វាយរៀងល្បីថាឆ្ងាញ់

ខេត្តស្វាយរៀង ៖ ក្រោមផ្សែងហុយៗនៃចង្ក្រានអាំងសាច់សុនខ (សាច់ឆ្កែអាំង) នោះមើលមួយភ្លែតស្មានថា ជាសាច់គោអាំង តែការតាមពិតជាសាច់ពិសេសទេ ហើយជារៀងរាល់ថ្ងៃចាប់ពីម៉ោង៣រសៀលគេសង្កេតឃើញមានភ្ញៀវជាពិសេសអ្នកដែលចូលចិតបរិភោគសាច់សុនខ តែងតែមកចូលទិញខ្ចប់ដាក់ប្រអប់យកទៅផ្ទះ ឬអង្គុយហូបនៅកន្លែងលក់តែម្តង។

បើតាមលោក កុយ ជាអ្នកលក់សាច់សុនខអាំងបានប្រាប់ឲ្យដឹងថា រូបគាត់ និងប្រពន្ធរបស់គាត់បានចាប់យកមុខរបរលក់សាច់សុនខអាំងបង្វិលនេះអស់រយៈពេលជាង៣ឆ្នាំមកហើយក្នុងរបរលក់សាច់ពិសេសមួយនេះមានអ្នកចូលចិត្តហូបយ៉ាងច្រើនផងដែរដែលធ្វើឲ្យមុខរបរមួយកាក់កបល្អប្រសើរជីវភាព។

លោកបានបន្តឲ្យសារព័ត៌មានយើងដឹងទៀតថា ក្នុងមួយថ្ងៃគាត់លក់អស់មួយក្បាលបើគិតពីទម្ងន់១០គីឡូជាងហើយសត្វសុនខ (សត្វឆ្កែ) គាត់យកធ្វើបាន២មុខដោយខ្លួនទាំងមូលយកទៅបង្វិលអាំងពណ៌ឡើងក្រហមដូចគោអាំងឬជ្រូកខ្វៃចំណែកគ្រឿងក្នុងនិងក្បាលយកធ្វើជាសម្លរដែលមានបន្លែផ្គប់ច្រលក់ទឹកប្រហុក។ លោក កុយ បានបន្ថែមទៀតថា ការលក់សាច់ពិសេសនេះមានការធ្លាក់ចុះជាងឆ្នាំមុនៗដែលមួយថ្ងៃៗអាចលក់អស់២ក្បាលតែឥឡូវលក់បានតែមួយក្បាលហើយក្នុងមួយប្រអប់ឬមួយចានមានតម្លៃ១ម៉ឺនរៀលតែបើកុម្មង់យកគ្រឿងល្អៗអាចថ្លៃជាងនេះបន្តិច ហើយភ្ញៀវអ្នកមកទិញមានទាំងខ្ចប់យកទៅផ្ទះនិងមានទាំងហូបនៅកន្លែងផងដែរ៕ ដោយ ៖ ភក្តី