ឆ្នោតយួនដែលមានយីហោសញ្ញាសម្គាល់ K38 កំពុងដំណើរការបើកកត់ព្រោងព្រាតពេញភ្នំពេញ

ភ្នំពេញ ៖ មានការកត់សម្គាល់ឃើញថា ឆ្នោតយួនដែលមានយីហោសញ្ញាសម្គាល់ K38 បាននិងកំពុងបើកដំណើររបររកស៊ីខ្នាតធំ ហើយ កត់ជាចំហស្ទើរតែគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញមិនញញើតពីការបង្ក្រាបរបស់សមត្ថកិច្ចទាល់តែសោះ ព្រោះល្បីថា ថៅកែឆ្នោតយួនដែលមានយីហោសញ្ញាសម្គាល់ K 38 មួយនេះ មានបុណ្យស័ក្តិជាឧត្តមសេនីយ៍ និងមានអំណាចខ្លាំងសម្បើមណាស់ សូម្បីតែសមត្ថកិច្ចមិនហ៊ានប៉ះពាល់ផង។

ចំពោះឆ្នោតយួនដែលមានយីហោសញ្ញាសម្គាល់ K38 នេះត្រូវបានគេសង្កេតឃើញមានដាក់ពង្រាយជាច្រើនកន្លែង និងមានអ្នកចាំទទួល កត់ជាចំហទៀតផង ដូចជានៅម្តុំរោងចក្រសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ, ភូមិដំណាក់ធំ២ និងតំបន់រោងចក្រដំបូលក្រហម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងកន្លែងផ្សេងៗជាច្រើនទៀតផងដែរ។

សូមរំលឹកផងដែរថា កន្លងមកអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ធ្លាប់បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដោយស្នើឲ្យសមត្ថកិច្ច និងអាជ្ញាធរតាមមូលដ្ឋានត្រូវតែបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដូចជា ៖ កន្លែងភ្នាល់ចាក់បាល់តាមអ៊ិនធើណិត ទូហ្គេមបាញ់ត្រី បញ្ជល់មាន់ បៀ អាប៉ោង និងឆ្នោតយួនជាដើម ប៉ុន្តែចំណាត់ការនេះហាក់ដូចជាសាបដូចទឹកភ្លៀងពុំមានប្រសិទ្ធភាពឡើយ។

សម្រាប់ព័ត៌មានលម្អិតនឹងមានផ្សាយជូនជាបន្តបន្ទាប់ទៀត។