ឯកឧត្តម អ៊ុំ រាត្រី ជំរុញ​ឲ្យ​យុវជន​គណបក្ស​ប្រជាជនកម្ពុជា ត្រូវបន្តខិតខំ​បំរើ​ប្រជាពលរដ្ឋ​

ខេត្ត​បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​ខេត្ត បាន​ជំរុញ និង​ក្រើនរំលឹក​ដល់​ក្រុមការងារ​យុវជន​ក្រុង និង​ក្រុមការងារ​យុវជន សកម្មជន ឃុំ​សង្កាត់​ទាំងអស់ ត្រូវតែ​បន្តសកម្មភាព​ជា​សេនាធិការ​ជូន​គណបក្ស​គ្រប់​ថ្នាក់ ដើម្បី​ធ្វើ​សកម្មភាព​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ បន្តធ្វើ​អំពើ​ល្អ សកម្មភាព​មនុស្សធម៌ គ្រប់​កាលៈទេសៈ ផងដែរ​។​

ការជំរុញរបស់ឯកឧត្តមបែបនេះធ្វើឡើងនៅ​ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញ ចូលរួម សំណេះសំណាល ជាមួយ ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជនកម្ពុជា ទូទាំង ក្រុង សិរីសោភ័ណ។ ក្នុងនោះដែរ ឯកឧត្តម​ប្រធាន​ក្រុមការងារបានកោតសរសើ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​យុវជន​គណបក្ស គ្រប់​ថ្នាក់ ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការងារ​សង្គម មនុស្សធម៌ និង​ការងារ​គណបក្ស​និង​ធ្វើការ​វាយបក​លើ​បច្ចាមិត្ត​យ៉ាងសកម្ម​ផងដែរ​។​

​ឯកឧត្តមបាន​គាំទ្រ​ពេញទំហឹង រាល់​ចំណាត់ការ​របស់​រដ្ឋាភិបាល​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចំពោះ​ជន​ណា​បាន​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ត្រូវតែ​ទទួលទោស​ទៅតាម​ច្បាប់​ដែល​រដ្ឋ​បានកំណត់​។​ហើយ​យុវជន​គណបក្ស​ដែលមាន​ឈ្មោះ​បោះឆ្នោត​ត្រូវ​ចូលរួម​យ៉ាងសកម្ម ហ៊ាន ឆ្លើយ ឆ្លង​ជាមួយ​បណ្ដា​គណបក្សនយោបាយ​ផ្សេងៗ​ទៀត​។ ដើម្បី​ពង្រឹង​បរិយាកាស​នយោបាយ​ឲ្យ​បានល្អ​ប្រសើរ​បំផុត​សំដៅ​ធានា​ឲ្ប​បាន​ដល់ ការបោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​តុ​ក្កដា​ឆ្នាំ ២៩២៣ ខាងមុខ ។

បន្ថែមលើនេះ ឯកឧត្តមក៏បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ត្រូវ​រួបរួមសាមគ្គី​គ្នា​ក្រោម​ដំបូល​នៃ​រដ្ឋធម្មនុញ្ញ​និង​ក្រោម​ម្លប់​នៃ​ព្រះមហាក្សត្រ​ដើម្បី​ការពារ​សន្តិភាព​និង​បន្ត​អភិវឌ្ឍ​ប្រទេស​បន្តទៀត​។​ លោក​ក៏បាន​ផ្តាំផ្ញើ​ដល់យុវជនទាំងអស់ត្រូវចូលរួមជួយសកម្មភាពក្នុងមូលដ្ឋាន និង​ត្រូវ​ជួយ​ផ្សព្វផ្សាយ​នូវ​សមិទ្ធផល​របស់​រាជរ​ដ្ឋា​ភិ​បាលដើម្បីបន្តថែរក្សាឲ្យបាននូវ​សុខសន្តិភាព​ដែលមាន​មកដល់​បច្ចុប្បន្ន​៕ ដោយ៖ ម៉ា សុភាព