ក្រសួងកិច្ចការនារី មិនគាំទ្រដាច់ខាតចំពោះសម្មភាពចរិតហិង្សា និងប្រើសំដីមិនសមរម្យមកលើស្ត្រីខ្មែរ

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបង្ហាញការសោកស្តាយ និងមិនគាំទ្រដាច់ខាត ចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណាដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ដែលផ្តល់ជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរទ្រូងរបស់ប្រទេសជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារីនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា នាពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្តាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ជាហេតុធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើងអ្វីឡើយ។

ក្រសួងកិច្ចការនារី បានអំពាវនាវទទូចដល់បុគ្គល ដែលមានវិវាទនឹងគ្នា ឱ្យប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះដែរ ក្រសួងកិច្ចការនារី ក៏បានថ្លែងអំណរគុណ ចំពោះសាធារណជន ដែលបានសម្ដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿថា សាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរឲ្យកាន់តែល្អផូរផង់តទៅមុខទៀត។

សូមជម្រាបថា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមអង្គការសង្គមស៊ីវិលបានស្នើដល់ក្រសួងកិច្ចការនារីក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងទៀត ចាត់វិធានការតឹងរឹងចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មាន ដើម្បីកែប្រែការអនុវត្តឲ្យស្របតាមក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងទប់ស្កាត់រាល់មាតិកាដែលបង្កប់នូវខ្លឹមសារប្រមាថមាក់ងាយ ដល់ស្រ្តី និងបុគ្គលគ្រប់អត្តសញ្ញាណយេនឌ័រ កុំឲ្យកើតឡើងបន្តទៀត៕