សម្តេចក្រុមព្រះ​ និងលោកញឹក ប៊ុនឆៃ គ្រោង​ពិភាក្សា​រឿង​គណបក្ស​ បន្ទាប់ពី​បែកបាក់រយៈពេល​ច្រើន​ឆ្នាំ

ភ្នំពេញ ៖ តាម​ប្រភពព័ត៌មាន​ក្រៅផ្លូវការ​មួយ​បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច ​និង លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ជួបគ្នា​ស្ងាត់ៗ​នៅ​ដំណាក់​វាល​ស្បូវ ដើម្បី​ពិភាក្សា​រឿង​គណបក្សនយោបាយ បន្ទាប់ពី​មានការ​បែកបាក់ រយៈពេល​ច្រើន​ឆ្នាំ។ តាម​ព័ត៌មាន​ការជួបគ្នា​រវាង​ប្រធាន​គណបក្សនយោបាយ​ទាំង​២​នោះ​ធ្វើឡើង​តាមរយៈ​ព្រះអង្គម្ចាស់​ក្ស​ត្រិ​យ៌​ម៉ា​រី រណឫទ្ធិ។

​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ការជួបគ្នា​រវាង​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ នៅ​ដំណាក់​វាល​ស្បូវ គឺ​សម្តេចក្រុមព្រះ​បាន​មានបន្ទូល​អំពី​ការបង្រួបបង្រួម​រវាង​គ្នា ឡើងវិញ​ពោលគឺ​រវាង​អ្នករាជានិយម និង​សីហនុ​និយម កុំ​ឲ្យ មានការ​បែកបាក់​គ្នា​តទៅទៀត។

​ចំណែក​លោក ញឹក ប៊ុនឆៃ បាន​ទទួលយក​ការបង្រួបបង្រួម​គ្នា​ហើយ​ជំនួប​រវាង ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ រួបរួម​ជាតិ នឹង​កើតមាន​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នៅពេលដែល​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ប្រធានស្តីទី គណបក្ស ហ្វ៊ុនស៊ិនប៉ិច​យាង​មកពី​បរទេស​វិញ។​

​លោក ញឹក ប៊ុនឆៃ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក​ពិតជា បាន​ជួប​ជាមួយ​សម្តេចក្រុមព្រះ នៅ​ដំណាក់​វាល​ស្បូវ​មែន ដោយ​ជំនួប​នោះ​គឺ​បាន​ធ្វើឡើង​រយៈពេល​២​លើក តាមរយៈ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី រណឫទ្ធិ នៅ​ដំណាក់​វាល​ស្បូវ។​
​ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​រូបលោក​រួមទាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍​ម៉ា​រី រួមទាំង​អ្នក បម្រើ​ព្រះអង្គ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​កាលពី​មុននេះ​សម្តេចក្រុមព្រះ ព្រះអង្គ​មានបន្ទូល បាន​តែមួយ​ម៉ាត់ៗ​ទេ អត់​មានបន្ទូល​អី​បាន​ច្រើន​នោះទេ ប៉ុន្តែ​ពេលដែល​លោក​ចូលទៅ​គាល់​ក៏​ស្រាប់តែ​ព្រះអង្គ​បង្ហាញ​ហឫទ័យ​សប្បាយរីករាយ ហើយ​មានបន្ទូល​បាន​វិញ​ទាំងអស់​ឡើងវិញ។

​លោក ញ៉ឹក ប៊ុនឆៃ បាន​បញ្ជាក់ថា នៅពេល​ចូលគាល់​សម្តេចក្រុមព្រះ​នោះ ព្រះអង្គ បាន​មានបន្ទូល​ឲ្យ​រួបរួមគ្នា​ទៅ​ប្រមូល​អ្នករាជានិយម​អ្នក សីហនុ​និយម​ឡើងវិញ។ ទន្ទឹម​នោះ​សម្តេចក្រុមព្រះ​ក៏បាន​មានបន្ទូល​ពីរ បី​ចំណុច​ពាក់ព័ន្ធ​ដល់​ការបង្រួបបង្រួម​គ្នា​រវាង អ្នក​សីហនុ​និយម និង អ្នករាជានិយម​ដើម្បី​ជួយ​ដល់​ប្រទេសជាតិ​ជួយ​ដល់​ប្រជាជន​កុំ​គិត​រឿង អតីតកាល​ហើយ​ព្រះអង្គ មិនមាន​បន្ទូល​អ្វី​ផ្សេងទៀត​ទេ ៕