

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបដិសេធព័ត៌មានបង្រួបបង្រួម

ភ្នំពេញ ៖ លោក ណុប សុធារិទ្ធិ អ្នកនាំពាក្យគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច បានបដិសេធទៅនឹងព័ត៌មានថា នឹងមានការបង្រួបបង្រួមគ្នាជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ដោយលោកបានបញ្ជាក់ថា ករណីនេះពុំមានចែងក្នុងលក្ខន្តិកៈបក្ស នោះទេ ។
អ្នកនាំពាក្យរូបនោះបានអះអាងប្រាប់បណ្តាញសារព័ត៌មានថា គណបក្សហ្វ៊ុនស៊ិនប៉ិចពុំមានផែនការចង់បង្រួបបង្រួម ឬច្របាច់បញ្ចូលគ្នាជាមួយគណបក្សផ្សេងៗ នោះទេ ដោយសារការបង្រួបបង្រួមគ្នាអាចធ្វើឲ្យមានការពិបាកក្នុងការគ្រប់គ្រងគណបក្ស និងមានការទាមទារប្រយោជន៍រៀងៗខ្លួនដោយមិនគិតគូរពីផលប្រយោជន៍រួមជាធំឡើយ។
សូមជម្រាបថា កាលពីសប្តាហ៍មុនលោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់សារព័ត៌មានថា លោកពិតជាបានជួបជាមួយសម្តេចក្រុមព្រះនៅដំណាក់វាលស្បូវមែន ដោយជំនួបនោះបានធ្វើឡើងកាលពី ៣ ឬ ៤ ថ្ងៃមុននេះតាមរយៈព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ។
លោកបន្តថា សម្ដេចក្រុមព្រះមានព្រះរាជបន្ទូលថា ចង់បង្រួបបង្រួមបក្សទាំងពីរឡើងវិញ ប៉ុន្ដែសម្ដេចក្រុមព្រះបានប្រាប់ថា រង់ចាំជជែកជាមួយបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាប្រធានស្ដីទីគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលនឹងត្រឡប់ពីក្រៅប្រទេសវិញ ៕