រដ្ឋសភាប្រជុំពិភាក្សា អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ស្តីពីសំណង់ ពាណិជ្ជកម្ម និងរបបសន្តិសុខសង្គម

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែតុលាឆ្នាំ២០១៩ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួន៤មាន សេចក្តីព្រាងច្បាប់ស្តីពី សំណង់។ សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ និង សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

សេចក្តីព្រាងច្បាប់ស្តីពីសំណង់ ជាសេចក្តីព្រាងច្បាប់មានសារៈសំខាន់ ដែលបានតាក់តែងឡើង នៅបរិបទដែលវិស័យសំណង់កំពុងរីកចម្រើន និងជាសសរស្តម្ភមួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់សំណង មាន២២ជំពូក និង១១១ មាត្រា មានសារប្រយោជន៍ ក្នុងការពង្រឹងការគ្រប់គ្រងគ្រប់ភាគីពាក់ព័ន្ធនិងការប្រតិបត្តិការទំាងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ សាធារណៈ ការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ចូលរួមពង្រឹងការគ្រប់គ្រងនគររូបនីយកម្មដោយអភិវឌ្ឍន៍ទីក្រុងឲ្យមានសោភណភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ជាដើម។

សេចក្តីព្រាងច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មាន១២ជំពូក និង៦៧មាត្រា។ ជាសេចក្តីព្រាងច្បាប់ ដែលនឹងផ្តល់វិធានជាមូលដ្ឋានដ៍សំខាន់ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងក្រៅប្រទេសប្រកបដោយទំនុកចិត្ត។ សេចក្តីព្រាងនេះ នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ដោយហេតុថាក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្តនានា ដែលគំាទ្រដល់សកម្មនិងប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក និងឌីជីថល ចំាបាច់ត្រូវរៀបចំធ្វើបច្ចុប្បន្នភាព ដើម្បីអាចបង្កើតសេដ្ឋកិច្ចឌីជីថលរឹងមាំមួយព្រមទំាងត្រៀមទទួលយកនូវការឈានមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។

សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ មាន១១ជំពូក និង៥១មាត្រា។ ជាសេចក្តីព្រាងច្បាប់ដែលមានសារៈសំខាន់ក្នុងការការពារផលប្រយោជន៍អ្នកប្រើប្រាស់ពីអំពើ និងការអនុវត្តមិនសុចរិតរបស់ពាណិជ្ជករក្នុងសកម្មភាពពាណិជ្ជកម្ម ការពារសិទ្ធិនិងផលប្រយោជន៍ អ្នកប្រើប្រាស់ គំាទ្រទីផ្សារឲ្យមានការប្រកួតប្រជែងទំាងតម្លៃគុណភាពទំនិញ និងសេវា។

សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម មាន១១ជំពូក ចែកចេញជា១០៧មាត្រា។ ជាសេចក្តីព្រាងច្បាប់ដែលមានវិសាលភាពទូលំទូលាយ ដែលនឹងជំនួសឲ្យច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទំាងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។ សេចក្តីព្រាងច្បាប់របបសន្តិសុខសង្គមនេះ មានគោលបំណងបង្កើតឲ្យមានរបបសន្តិសុខសង្គមមួយ តាមគោលការណ៍សាមគ្គីធម៌សង្គម ដែលមាន៤ផ្នែកគឺ ផ្នែកប្រាក់សោធន ផ្នែកថែទំាសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតនៅក្រោមច្បាប់ស្តីពីការងារ គិតរួមទំាងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទំាងបុគ្គលស័្វយនិយោជន៍៕