ស្លាប់៥នាក់ និងរបួស១៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែតុលានេះ

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១០លើក (យប់៦លើក) បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ (ប្រុស), របួសស្រាល៤នាក់ (ស្រីម្នាក់) និងរបួសធ្ងន់៩នាក់ (ស្រី៣នាក់)។ នេះយោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្តធំ២គ្រឿង, និងថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ល្បឿន, មិនគោរពសិទ្ធិ, ប្រជែង និងស្រវឹង។

របាយការណ៍បញ្ជាក់ថា រយៈពេល៧ថ្ងៃ គឺថ្ងៃទី០១ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេសចំនួន៥៦ បណ្តាលឲ្យមនុស្សចំនួន២៨នាក់ របួសធ្ងន់៨៥នាក់ និងរបួសស្រាល៥១នាក់៕