កិច្ចប្រជុំអនុវត្តភារកិច្ចតួនាទីរបស់កងរាជអាវុធហត្ថ០៩ខែដើមឆ្នាំ និងលើកទិសដៅផ្សព្វផ្សាយបន្ត

ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ ២០១៩ នេះ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកកិច្ចប្រជុំត្រួតពិនិត្យអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រាំបួនខែ និងផ្សព្វផ្សាយទិសដៅឆមាសទី៤ ឆ្នាំ២០១៩ ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់លោកលោកមេបញ្ជាការរង នាយសេនាធិការ ប្រធានអនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដែលបានចូលរួមផងដែរ។

ក្រោយពីទទួលបានរបាយការណ៍ តាមបណ្ដាការិយាល័យ ក្រុង ស្រុក ស្នាក់ការសន្តិសុខរួចមក លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការបានណែនាំដល់កងកម្លាំងទាំងអស់ត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តដីការតុលាការ ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដោយគ្រោះមហន្តរាយផ្សេងៗ ជាពិសេស គឺត្រូវការងារបង្ការ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងការចរាចរណ៍គ្រឿងញៀនឲ្យបានដាច់ខាត ផ្សព្វផ្សាយអនុសាសន៍៤ចំណុចរបស់លោកនាយឧត្តមសេនីយ៍មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺចំពោះជាតិត្រូវតែការពារចំពោះប្រជាជន ត្រូវតែបម្រើចំពោះច្បាប់ ត្រូវតែអនុវត្ត ចំពោះបទល្មើសត្រូវតែបង្ក្រាបឲ្យខានតែបាន៕ ដោយ ៖ ជឹម ទូច