៨ខែដើមឆ្នាំនេះ កម្ពុជាទទួលភ្ញៀវទេសចរជាង៤លាននាក់កើនឡើង១០.៤%

ភ្នំពេញ ៖ រយៈពេល៨ខែ ដើមឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាទាំងមូលទទួលបានភ្ញៀវទេសចរមកកម្សាន្តចំនួន ៤,៣៦០,៣៩៧នាក់ កើនឡើង១០.៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ក្នុងនោះ ភ្ញៀវទេសចរចូលតាមផ្លូវអាកាសមានចំនួន ៣,១០៤,៤៨៩នាក់ ស្មើនឹង ៧១.២% នៃចំនួនភ្ញៀវសរុប ដែលមានកើន១៦.៦% (ក្នុងនោះ ចូលតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ១,៤២៧,៤៨៧ នាក់ កើន១៤.៧%, តាមអាកាសយានដ្ឋានអន្តរជាតិសៀមរាប ១,១៨៨,២៥៤នាក់ ថយចុះ៩.១% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន ៤៨៨,៧៤៨នាក់ កើនឡើង៣៤៣.៥%)។ នេះបើយោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍។

របាយការណ៍បន្តថា ដោយឡែក ភ្ញៀវទេសចរដែលចូលមកតាមផ្លូវគោកមានចំនួន១,១៦០,៧៤៦នាក់ ស្មើនឹង២៦.៦% នៃចំនួនសរុប ថយចុះ២.៩% និងភ្ញៀវទេសចរចូលតាមផ្លូវទឹកមានចំនួន៩៥,១៦២នាក់ ស្មើនឹង២.២% នៃចំនួនសរុប កើនឡើង២.៩%។

របាយការណ៍បញ្ជាក់ថា ក្នុងរយៈពេល៨ខែនេះ ចំនួនភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងដែលទៅទស្សនាតំបន់អាទិភាពដូចជា ៖ តំបន់ភ្នំពេញ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ២,៨០៨,៥៦១នាក់ ស្មើនឹង៥៣.៨% នៃចំនួនភ្ញៀវសរុប កើនឡើង២៧.៤%។ សៀមរាបអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិ ១,៥៥១,៨៣៦នាក់ ស្មើនឹង២៩.២% នៃចំនួនភ្ញៀវសរុប ថយចុះ១១.១%។ តំបន់ឆ្នេរសមុទ្រ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៨០៤,៥៣៧នាក់ ស្មើនឹង១៥.២% កើនឡើង៣៦.៥%។ តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត ទទួលបានភ្ញៀវទេសចរអន្តរជាតិ ៥៦,៧២៣នាក់ ស្មើនឹង១.១% កើនឡើង៩.១%។ តំបន់ប្រាសាទព្រះវិហារ ទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៣៦,៩៥៧នាក់ ថយចុះ៣.៣%។

ជាងនេះទៀត នៅ៨ខែ ដើមឆ្នាំនេះ មានទេសចរកម្ពុជា ចេញទៅក្រៅប្រទេសចំនួន ១,៣៤៧,០៦០នាក់ កើនឡើង៤.៧% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦លាននាក់៕