ប្រធានាធិបតី​អ៊ីរ៉ាក់​អំពាវនាវ​ឲ្យ​បញ្ចប់​ការប្រយុទ្ធ​គ្នា​ក្រោយពី​បាតុកម្ម​សម្លាប់​មនុស្ស​រា​ប់​សិប​នាក់​

​អ៊ីរ៉ាក់ ៖ ប្រធានាធិបតី​អ៊ីរ៉ាក់​បាន​អំពាវនាវ​កាលពី​ថ្ងៃ​ចន្ទ​ឲ្យ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​បន្ទាប់ពី​បាតុកម្ម​រីក​រាលដាល​ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​រួមទាំង​ការប្រមូល​ផ្តុំគ្នា​ពេញ​មួយ​យប់​នៅ​ភាគ​ខាងកើត​ទីក្រុង​បា​កដាដ​ផងដែរ​ដែល​យោធា​បាន​សារភាពថា​បាន​ប្រើ​កម្លាំង​ហួសហេតុ​។​

​បាតុកម្ម​បានធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​រដ្ឋធានី​និង​ខេត្ត​ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​ចាប់តាំងពី​ថ្ងៃ​អង្គារ​មុន​មក​ដែល​ពីដំបូង​ឡើយ​បានទាមទារ​ឲ្យ​មាន​កំណែទម្រង់​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​និង​ភាព​អត់​ការងារ​ធ្វើ​ប៉ុន្តែ​បាន​រីក​រាលដាល​ទៅជា​ការអំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​នេះ​។​

​នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​មួយ លោក​ប្រធានាធិបតី Barham Saleh បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការប្រយុទ្ធ​គ្នា​និង​បានស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​ថ្នាក់ជាតិ​គ្រប់​ជ្រុងជ្រោយ​និង​ស្មោះត្រង់​ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​បរទេស​ដើម្បី​ស្វែងរក​ផ្លូវ​ចេញពី​វិបត្តិ​នេះ​។​

​បាតុកម្ម​បែបនេះ​គឺ​មិន​ធ្លាប់មាន​ពីមុនមក​ឡើយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ដោយសារតែ​ការស្ម័គ្រចិត្ត​និង​ភាព​ឯករាជ្យ​របស់​ពួកគេ​នៅក្នុង​សង្គម​មួយ​ដែលមាន​លក្ខណៈ​នយោបាយ​ជ្រាលជ្រៅ​។​ប៉ុន្តែ​ពួកគេ​ក៏បាន​បណ្តាល​ឲ្យ​មានការ​ស្លាប់​ផងដែរ​ខណៈ​មនុស្ស​ជាង​១០០​នាក់​ត្រូវបាន​សម្លាប់​និង​៦,០០០​នាក់​រងរបួស​ចាប់តាំងពី​ថ្ងៃ​អង្គារ​មុន​មក​។​

​សាក្សី​បាន​រាយការណ៍​ថា កងកម្លាំង​សន្តិសុខ​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់​ពិត​ខណៈពេលដែល​អាជ្ញាធរ​បាន​ចោទប្រកាន់​អ្នក​លប​បាញ់​ស៊ី​ប​មិន​ស្គាល់​អត្តសញ្ញាណ​អំពី​ការបាញ់ប្រហារ​ទៅលើ​ក្រុមអ្នកតវ៉ា​និង​ប៉ូលិស​។​

​លោក Saleh បាន​និយាយថា អ្នក​ដែល​វាយប្រហារ​លើ​ក្រុមបាតុករ​និង​កងកម្លាំង​សន្តិសុខ​គឺជា សត្រូវ​របស់​ប្រជាជន​ហើយ​បាន​ថ្កោលទោស​ការ​វាយឆ្មក់​ចុង​សប្តាហ៍​លើ​ស្ថានីយ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​និង​ក្នុង​តំបន់​។​

​គួរ​បញ្ជាក់ថា សេចក្តីថ្លែងការណ៍​រប​ស់លោក​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​យោធា​អ៊ីរ៉ាក់​បាន​ទទួលស្គាល់ថា​បាន​ប្រើ​កម្លាំង​ហួសប្រមាណ​នៅ​ខាងក្រៅ​ច្បាប់​ប្រឆាំងនឹង​ការតវ៉ា​នៅក្នុង​ទីក្រុង Sadr ភាគ​ខាងកើត​ទីក្រុង​បា​កដាដ​៕