អភិបាលខេត្តស្ទឹងត្រែង ៖ បញ្ហាយុវជន និងកុមារ គឺជាប្រធានបទមួយដែលយើងទាំងអស់គ្នាត្រូវបន្តយកចិត្តទុកដាក់

ខេត្តស្ទឹងត្រែង ៖ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានគូសបញ្ជាក់ថា បញ្ហាយុវជន និងកុមារគឺជាប្រធាន បទមួយដែលយើងទាំងអស់គ្នាត្រូវបន្តយកចិត្តទុកដាក់ ស្របពេលដែលប្រទេសជាតិកំពុងមានការរីកវិវត្តន៍រីកចម្រើន ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។

លោកអភិបាលថ្លែងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការអនុវត្តគម្រោង “ជំនាន់ថ្មី” ធ្វើការជាមួយអង្គការដៃគូក្នុងប្រទេសកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិ កុមារី និងកុមារាលើកិច្ចការពារកុមារ សុខភាពផ្លូវភេទ និងបន្តពូជ នាព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្ត។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ មេប៉ុស្តិ៍នគរបាលរដ្ឋបាល អង្គការដៃគូក្នុង និងក្រៅខេត្ត ព្រមទាំងប្អូនៗកុមារា កុមារី សរុបប្រមាណ ៩៥នាក់។

លោកអភិបាលលើកឡើងទៀតថា ដោយហេតុថា ពួគេពុំអាចរស់នៅក្នុងស្ថានភាពមួយដូចពីមុនទៀតបានឡើយ មានន័យថា ពួគេត្រូវតែបានទទួលការថែទាំយ៉ាងល្អប្រសើរពីក្រុមគ្រួសារ អាណាព្យាបាល និងសហគមន៍របស់ពួកគេ ពោលគឺត្រូវទទួលបានសិទ្ធិពេញចេញរបស់ពួកគេ រួមមាន ៖ សិទ្ធរស់រានមានជីវិត, សិទ្ធិក្នុងការអភិវឌ្ឍ, សិទ្ធិក្នុងការចូលរួម។ ទន្ទឹមនឹងនោះលោកអភិបាលខេត្តបានសំណូមដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តផែនការសកម្មភាព និងគម្រោងការងារ ផ្តោតលើបញ្ហាសុខភាព និងការថែទាំសុខុមាលភាពរបស់កុមារ និងយុវវ័យក្នុងសហគមន៍ បានទូលំទូលាយ និងមានប្រសិទ្ធភាព ប្រសិទ្ធផល៕