រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៣​ នីតិកាលទី៦

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗ ចំនួនបី គឺសេចក្តីព្រាង ច្បាប់ស្តីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ សេចក្តីព្រាងច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់។ និងសេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម។

សេចក្តីព្រាងច្បាប់ខាងលើ សុទ្ធសឹងជាសេចក្តីព្រាងច្បាប់សំខាន់ៗ ដែលនឹង ក្លាយជាបទដ្ឋានគតិយុត្តក្នុងការលើកកម្ពស់ វិស័យពាណិជ្ជកម្ម និងរបបសន្តិសុខ សង្គម សម្រាប់គំាទ្រដល់កំណើនសេដ្ឋកិច្ច ការរីកចម្រើនវិស័យបច្ចេកវិទ្យា និង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនឡើង ស្រប តាមសម័យកាល៕