រដ្ឋមន្រ្តីបរិស្ថានអាស៊ានចូលរួមដាំកូនឈើអនុស្សាវរីយ៍នៅសួនច្បារមុខអង្គរវត្ត

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន អគ្គលេខាធិការអាស៊ាន និងប្រទេសដៃគូអាស៊ាន មានជប៉ុន ចិន និងកូរ៉េ រួមនឹងថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងយុវជនបានអញ្ជើញ/និមន្តចូលរួមដាំកូនឈើនៅបរិវេណសួនច្បារមុខប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍ដ៏អធិកអធមក្នុងការដាំដើមផ្កាក្រវ៉ាន់ចំនួន ៥៥០ដើម និងកូនឈើធ្នង់ចំនួន១០០ដើម នៅលើផ្ទៃដីប្រមាណមួយហិកតាក្នុងសួនច្បារមុខប្រាសាទអង្គរវត្តនាពេលនេះ ត្រូវបានអញ្ជើញជាអធិបតីដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមក្រសួងបរិស្ថាន គោលបំណងនៃការដាំកូនឈើអនុស្សាវរីយ៍ធ្វើឡើងដើម្បីបង្ហាញពីការស្រឡាញ់បរិស្ថានប្រកបដោយភាពបៃតង និងបង្កើតឱ្យមានជីវៈចម្រុះនៅតំបន់ដែលជាបេតិកភណ្ឌដ៏អស្ចារ្យរបស់កម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ ចាប់ពីថ្ងៃទី៧-១០ខែ តុលា ឆ្នាំ២០១៩ នៅលើទឹកដីនៃខេត្តសៀមរាបអង្គរ ដោយមានសមាសភាពចូលរួមពីរដ្ឋមន្ត្រីបរិស្ថានអាស៊ាន ឧត្តមមន្ត្រី និងគណៈប្រតិភូទាំង១០ប្រទេស អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីបរិស្ថាន មកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង៕