ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិនរយៈពេល០៥ថ្ងៃ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់ មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល ០៥ ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

សូមបញ្ជាក់ថា ឆ្នាំ២០១៩ នេះ គឺជាឆ្នាំទី៥ នៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់វិស័យសកម្មភាពមីនកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន និងការជួយឧបត្ថម្ភគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងការរៀបចំវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេស បោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់សិក្ខាកាមកម្ពុជា សរុបចំនួន ១៧៩ នាក់ ព្រមទាំងការផ្តល់ជំនួយជាសម្ភារៈ បោស សម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងការពង្រឹងសមត្ថភាព ដល់មន្ត្រីអាជ្ញាធរមីន និងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ផងដែរ៕