UN ជំរុញ​ឲ្យ​អូស្ត្រាលី​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ឃុំឃាំង​ជនភៀសខ្លួន​

​អូស្ត្រាលី ៖ មន្ត្រី​សិទ្ធិមនុស្ស​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​បាន​ជំរុញ​ឲ្យ​ប្រទេស​អូស្ត្រាលី​ធ្វើកំណែទម្រង់​ប្រព័ន្ធ​ឃុំឃាំង​ជនភៀសខ្លួន​ និង​ឧក្រិដ្ឋជន​របស់ខ្លួន​កាលពី​ថ្ងៃ​អង្គារម្សិលមិញ ​ពោលគឺ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ​បាន​រង​ការរិះគន់​នៅឯ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​។​

​ថ្លែង​ក្នុង​ទីក្រុង​ស៊ីដនី ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​លោកស្រី Michelle Bachelet បាន​និយាយថា លោកស្រី​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ដឹងថា អាយុ​នៃ​អ្នក​ដែល​អាច​ទទួលខុសត្រូវ​ខាង​ព្រហ្មទណ្ឌ​របស់​ប្រទេស​នេះ​គឺ​ត្រឹមតែ​១០​ឆ្នាំ​ប៉ុណ្ណោះ​។ លោកស្រី​បាន​អំពាវនាវ​ឲ្យ​អូស្ត្រាលី​បង្កើន​អាយុ​ដល់​កម្រិត​ដែល​ត្រូវបាន​ទទួលយក​ជា​អន្តរជាតិ​គឺ​១៤​ឆ្នាំ​។​

​គោលនយោបាយ​នេះ​បាន​ប៉ះពាល់​ដល់​កុមារ​ជនជាតិដើម​ភាគតិច​ដែលមាន​៧០​ភាគរយ​ក្នុងចំណោម​កុមារ​ដែលមាន​អាយុ​ក្រោម​១៤​ឆ្នាំ​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​អូស្ត្រាលី​។ ​វិធីសាស្ត្រ​ដ៏​តឹងរឹង​របស់​ប្រទេស​អូស្ត្រាលី​ចំពោះ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​គឺ​រួម​មានការ​រុញច្រាន​ជនភៀសខ្លួន​ដែល​មកដល់​តាម​ទូក​ឲ្យ​ត្រឡប់​ទៅវិញ​និង​ការឃុំខ្លួន​នៅ​ឯនាយសមុទ្រ​។ យ៉ាងណាក្តី វិធានការ​ទាំងពីរ​នេះ​ត្រូវបាន​អង្គការសហប្រជាជាតិ​ថ្កោលទោស​។​

​លោកស្រី Bachelet បន្តថា “​ខ្ញុំ​លើកទឹកចិត្ត​អូស្ត្រាលី​ឲ្យ​ប្រើ​ជម្រើស​កាន់តែច្រើន​ដែល​អនុលោម​តាម​សិទ្ធិមនុស្ស​ចំពោះ​ការឃុំ​ឃាំង​ដែល​ផ្អែកលើ​សហគមន៍​”​។ ​ការអត្ថាធិប្បាយ​របស់​លោកស្រី​បានធ្វើ​ឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អភិរក្ស​លោក Scott Morrison កាលពី​សប្តាហ៍​មុន​បាន​ប្រើ​សុន្ទរកថា​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់​មួយ​នៅក្នុង​ទីក្រុង​ស៊ីដនី​ដើម្បី​ថ្កោលទោស​ស្ថាប័ន​អន្តរជាតិ​ដែល​លោក​បាន​និយាយថា “​ទាមទារ​ការអនុលោម​ភាពជា​ជាង​កិច្ចសហប្រតិបត្តិការ​ឯក​រាជ្យ​លើ​បញ្ហា​សកល​”​។​ លោក Morrison បាន​បន្ត​ប្រកាសថា រដ្ឋាភិបាល​មិនអាច​ឆ្លើយតប​ទៅនឹង​អាជ្ញាធរ​ដែលមាន​ឋានៈ​ខ្ពស់ជាង​ប្រជាជន​អូស្ត្រាលី​បានឡើយ​៕