ពិធីប្រគល់ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១

ខេត្តសៀមរាប ៖ នៅល្ងាចថ្ងៃ០៨ ខែតុលាឆ្នាំ២០១៩នេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ានបានទទួលរៀបចំពិធីប្រគល់ពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ានលើកទី៣ និងយុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១ សម្រាប់រដ្ឋជាសមាជិកអាស៊ានទាំងអស់តាមរយៈមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន និងពិធីពិសាភោជនាអាហារពេលល្ងាច(Gala dinner) នៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប ក្រោមវត្តមានលោក សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី ទន់ សាអីម រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក Dato Limjackhoi អគ្គលេខាធិការអាស៊ាន លោកស្រី Yukari Sato អនុរដ្ឋមន្រ្តីជាន់ខ្ពស់នៃប្រទេសជប៉ុន។

ពានរង្វាន់សាលាមេត្រីភាពបរិស្ថានអាស៊ានលើកទី៣ ត្រូវបានបានប្រគល់ដល់សាលាវិទ្យាល័យ និងអនុវិទ្យាល័យចំនួន២០សាលា និងពានរង្វាន់យុវជនឆ្នើមមេត្រីភាពអាស៊ានលើកទី១ចំនួន២០នាក់មកពីប្រទេសអាស៊ានទាំង១០។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការប្រគល់ពានរង្វាន់នៅរាត្រីនេះ គឺជាការទទួលស្គាល់សាលា និងយុវជនឆ្នើមរបស់យើងកំរិតតំបន់។ លោកថា កន្លងមកការប្រគល់ពានរង្វាន់នេះ យើងហាក់បីដូចជាដាច់ឆ្ងាយបន្តិច ដោយសារការប្រគល់ពានរង្វាន់អាស៊ានបរិស្ថានលើកដំបូងនៅខែកក្កដា ឆ្នាំ២០១២ នៅប្រទេសម៉ាឡេស៊ី ការប្រគល់ពានរង្វាន់លើកទី២ នៅខែកក្កដា ឆ្នាំ២០១៥ ដូចនេះការប្រគល់ពាន់រង្វាន់នៅឆ្នាំនេះ ថ្វីត្បិតតែយូរបន្តិច ប៉ុន្តែជាការឆ្លុះបញ្ចាំងពីឆន្ទៈសាលារបស់ប្រទេសនីមួយៗ ក្នុងយន្តការអភិវឌ្ឍន៍ដោយចីរភាព៕